តូក្យូ៖ ទិន្នន័យរបស់រដ្ឋាភិបាលជប៉ុន បានបង្ហាញនៅថ្ងៃច័ន្ទនេះថា ការនាំចេញរបស់ជប៉ុន ក្នុងខែមីនា បានធ្លាក់ចុះខ្លាំងបំផុតប្រចាំខែ ក្នុងរយៈពេលជាង ៣ ឆ្នាំកន្លះ ដោយសារតែមេរោគឆ្លងកូវីដ-១៩ ដែលដាក់ទម្ងន់ ទៅលើតម្រូវការនៅបរទេស។
ការនាំចេញបានធ្លាក់ចុះ ១១,៧ ភាគរយស្មើនឹង ៦,៣៦ ពាន់ពាន់លានយ៉េន (៥៩ ពាន់លានដុល្លារ) ដែលជាការធ្លាក់ចុះដ៏ធំបំផុត ចាប់តាំងពីខែកក្កដាឆ្នាំ ២០១៦ ក្នុងការប៉ះទង្គិច ដល់សេដ្ឋកិច្ចធំលំដាប់ទី៣ របស់ពិភពលោកមួយនេះ។
ការនាំចូលបានធ្លាក់ចុះ ៥,០ ភាគរយដល់ ៦,៣៥ ពាន់ពាន់លានយ៉េន ដែលឆ្លុះបញ្ចាំងពីការធ្លាក់ចុះតម្លៃ នៃការនាំចូលថាមពល ដូចជាឧស្ម័នធម្មជាតិ និងធ្យូងថ្មដែលធ្វើ ឲ្យអតិរេកពាណិជ្ជកម្មទំនិញ មានចំនួន ៤,៩ ពាន់លានយ៉េន នេះបើយោងតាម របាយការណ៍បឋម របស់ក្រសួងហិរញ្ញវត្ថុ។
ការនាំចេញទៅកាន់សហរដ្ឋអាមេរិក បានធ្លាក់ចុះ ១៦,៥ ភាគរយ ដែលជាការធ្លាក់ចុះខ្លាំងបំផុត ចាប់តាំងពីខែមេសា ឆ្នាំ២០១១ ដោយមានតម្រូវការរថយន្តធ្លាក់ចុះ ខណៈការចាក់សោ ត្រូវបានដាក់នៅក្នុងទីក្រុងញូវយ៉ក និងកន្លែងផ្សេងទៀត ដើម្បីការពារមេរោគឆ្លងពីការឆ្លងរាលដាល៕ ដោយ៖ ឈូក បូរ៉ា
 
													
																							
 
																								
												
												
												 
								 
																						 
								 
																						 
								 
																						 
								 
																						 
								 
																						 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									