ព័ត៌មានជាតិ

សម្តេចធិបតី គាំទ្រទាំងស្រុង លើការពិនិត្យឡើងវិញ ដើម្បីពង្រឹងនិងកែលម្អ រចនាសម្ព័ន្ធប្រព័ន្ធអភិបាលកិច្ច នៅរដ្ឋ​បាលថ្នាក់ក្រោមជាតិ

ភ្នំពេញ៖ ឆ្លើយតបទៅនឹងសំណើរ របស់ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសគាំទ្រទាំងស្រុង លើការដើម្បីពង្រឹង និងកែលម្អ រចនាសម្ព័ន្ធ ប្រព័ន្ធអភិបាលកិច្ច នៅរដ្ឋ​បាលថ្នាក់ក្រោមជាតិ ឱ្យស្របតាមគោលការណ៍ នៃរដ្ឋបាល​ឯកភាព ដែលបានកំណត់ក្នុងច្បាប់ ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ។

ថ្លែងក្នុងឱកាសបិទវេទិកា រវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិស្តីពី “កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមសម្រេចបាន​ ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០” នាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ នៅសណ្ឋាគារសុខាភ្នំពេញ សម្តេចធិបតី ហ៊ុន ម៉ាណែត ចាត់ទុកថា ការពិនិត្យឡើងវិញ ដើម្បីពង្រឹង និងកែលម្អ រចនាសម្ព័ន្ធ ប្រព័ន្ធអភិបាលកិច្ច នៅរដ្ឋ​បាល ថ្នាក់ក្រោមជាតិ គឺដើម្បីធានាឱ្យក្រុមប្រឹក្សាអាចម្ចាស់​ ការលើកិច្ចការងារគ្រប់គ្រង មុខងារ ធនធាន និងមានសមត្ថភាពដឹកនាំសម្របសម្រួល សកម្មភាព ផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍនៅក្នុងដែនរបស់ខ្លួន សំដៅឆ្លើយតប ទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន ឱ្យកាន់តែមានប្រសិទ្ធភាព ។

ក្នុងន័យនេះ សម្តេចនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា “ជាការពិតផ្អែកតាមការវិវឌ្ឍយ៉ាងឆាប់រហ័ស ទាំងផ្នែកសេដ្ឋកិច្ច នគរូបនីយកម្ម បច្ចេកវិទ្យាព័ត៌មាន ការបំលាស់ទីរបស់ប្រជាជន មកកាន់តំបន់ទីប្រជុំជន ការកើនឡើងនូវតម្រូវការសង្គម និងសម្ពាធនៃវិបត្តិជាសកល បានតម្រូវឱ្យរាជរដ្ឋាភិបាល ចាំបាច់ត្រូវពិនិត្យនិងកែលម្អស្ថាប័នរដ្ឋបាលសាធារណៈ ទាំងនៅថ្នាក់ជាតិ និងនៅក្រោមជាតិ” ។

បន្ថែមលើនេះ សម្តេចធិបតី គូសបញ្ជាក់ថា ចំពោះការកែលម្អស្ថាប័នសាធារណៈ រដ្ឋបាលថ្នាក់ក្រោមជាតិ រាជរដ្ឋាភិបាល បានផ្តល់ជាផែនទីបង្ហាញផ្លូវ នៅក្នុងកម្មវិធីជាតិដំណាក់កាលទី២រួចហើយ គឺត្រូវបន្តរៀបចំរចនាសម្ព័ន្ធ គ្រប់គ្រងនិងមុខងាររដ្ឋបាលថ្នាក់ក្រោមជាតិ៕

To Top