ព័ត៌មានជាតិ

សម្តេចធិបតី ៖ រដ្ឋបាលថ្នាក់ក្រោមជាតិ គឺជាតួអង្គប្រតិបត្តិករដ៏សំខាន់ ក្នុងការប្រែក្លាយគោលនយោបាយថ្នាក់ជាតិ ឱ្យទៅជាលទ្ធផលជាក់ស្តែង

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា រដ្ឋបាលថ្នាក់ក្រោមជាតិ គឺជាតួអង្គប្រតិបត្តិករដ៏សំខាន់ ដែលនៅគៀកជិតប្រជាពលរដ្ឋ និងជាអ្នកប្រែក្លាយគោលនយោបាយថ្នាក់ជាតិ ឱ្យទៅជាលទ្ធផលជាក់ស្តែង នៅថ្នាក់ក្រោមជាតិ តាមរយៈការដឹងសុខ ដឹងទុក្ខ ការលំបាក និងយល់ពីតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ។

ការថ្លែងរបស់សម្តេចធិបតី ខាងលើនេះ ធ្វើឡើងក្នុងឱកាសថ្លែងបិទវេទិកា រវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិស្តីពី “កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមសម្រេចបាន​ ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០” នាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ នៅសណ្ឋាគារសុខាភ្នំពេញ ។

ក្នុងឱកាសនោះ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានលើកឡើងថា ទាំងរាជធានី ខេត្ត ស្រុក ខណ្ឌ សុទ្ធតែមានលក្ខណៈខុសគ្នា ជាក់ស្តែង ស្រុកកំពង់ត្របែក ធំជាងខេត្តកែបទៅទៀត ។ ក្នុងន័យនេះ ចំពោះការរៀបចំគិតគូ ឱ្យស្របតាមកម្មវិធីជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់មូលដ្ឋានក្រោមជាតិ ដំណាក់កាលទី២ ឆ្នាំ២០២១-ឆ្នាំ២០៣០ ត្រូវពិនិត្យមើលតាមលទ្ធភាព ដែលនាំឱ្យរាជរដ្ឋាភិបាល មិនអាចធ្វើម្តងទាំងអស់ ក្នុងពេលតែមួយបានទេ ដូច្នេះអាចធ្វើជាជំហាន ដោយយកខេត្តសក្តានុពល ។

សម្តេចធិបតី គូសបញ្ជាក់ថា ការរៀបចំឱ្យល្អ ស្របតាមស្ថានភាព នៃតម្រូវការនៃសេវា ក៏ដូចជាសមត្ថភាព នៅក្នុងការកសាងធនធានមនុស្ស នៅរាជធានីភ្នំពេញ និងនៅទីរួមខេត្តសំខាន់ៗមួយចំនួន ដែលមានសក្តានុពល អាចគិតគូជាជំហាន ដោយមិនបាច់រងចាំម្តងទាំងអស់ ។

សម្តេចធិបតី មានប្រសាសន៍ថា “ខ្ញុំសូមឱ្យមានការគិតគូ ទៅលើកិច្ចការងារនេះ ហើយយើងក៏បានចែងទៅលើកម្មវិធីជាតិ សម្រាប់ការអភិវឌ្ឍ​នៅក្នុងដំណាក់កាលទី២ ផែនការ២០២១-២០៣០រួចទៅហើយ ។ ការគិតគូរ ពីការរៀបចំរដ្ឋបាលថ្នាក់ក្រោមជាតិ ដូចដែលខ្ញុំបានគូសបញ្ជាក់ខាងលើ គឺជាការចាំបាច់ និងមានសារៈសំខាន់ ដោយហេតុថា រដ្ឋបាលថ្នាក់ក្រោមជាតិ គឺជាតួអង្គប្រតិបត្តិករដ៏សំខាន់ ដែលនៅគៀកជិតប្រជាពលរដ្ឋ ជាអ្នកប្រែក្លាយ គោលនយោបាយថ្នាក់ជាតិ ឱ្យទៅជាលទ្ធផលជាក់ស្តែង នៅថ្នាក់ក្រោមជាតិ ជាអ្នកដឹងសុខដឹងទុក្ខ និងការលំបាកនិងយល់ពីតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ហើយក៏ជាអ្នកធ្វើអន្តរាគមន៍ដោះស្រាយ បញ្ហាជូនប្រជាពលរដ្ឋឆាប់រហ័ស ចំគោលដៅ និងប្រសិទ្ធភាព”

ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ចាត់យល់ឃើញថា រដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ មានក្រុមប្រឹក្សាដោយការបោះឆ្នោត ដោយប្រជាពលរដ្ឋ ដូច្នេះក្រុមប្រឹក្សា ត្រូវមានគណនេយ្យភាពចំពោះប្រជាពលរដ្ឋ លើការដោះស្រាយបញ្ហាប្រឈម ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ។ អាស្រ័យហេតុនេះ រដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវរៀបចំឱ្យមានរចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងស្របទៅតាមលក្ខណៈ​ នៃរដ្ឋបាលនីមួយៗ និងទទួលបានមុខងារ ធនធាន សមត្ថភាព ព្រមទាំងសិទ្ធិអំណាច នៅក្នុងកម្រិតសមស្រប និងបម្រើសេវាជូនប្រជាពលរដ្ឋ នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន៕

To Top