ប៉ារីស៖ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បានជំរុញឱ្យដៃគូរបស់ប្រទេសបារាំង ធ្វើការរួមគ្នា ដើម្បីបង្ហាញផែនការសន្តិភាពជាក់ស្តែងសម្រាប់អ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោក ម៉ាក្រុង បានធ្វើការកត់សម្គាល់នៅលើគណនី X របស់លោក បន្ទាប់ពីបានជួបពិភាក្សាជាមួយសមភាគីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី កាលពីថ្ងៃចន្ទ និងសមភាគីអាមេរិកលោក ដូណាល់ ត្រាំ កាលពីថ្ងៃអាទិត្យ។ លោក ម៉ាក្រុង បានលើកឡើងថា “ឥឡូវនេះ យើងត្រូវតែឆ្ពោះទៅមុខជាមួយដៃគូរបស់យើងទាំងអស់ ដើម្បីបង្ហាញផែនការសន្តិភាពជាក់ស្តែង” ។
ប្រមុខរដ្ឋបារាំងបានបញ្ជាក់ជាថ្មីពីសារៈសំខាន់នៃ “ផែនការសន្តិភាពដែលផ្តល់ការធានាសន្តិសុខរឹងមាំសម្រាប់អ៊ុយក្រែន។ ផែនការសន្តិភាពដែលធានាសន្តិភាពយូរអង្វែងនៅអ៊ុយក្រែន និងអឺរ៉ុប”។ លោកក៏បានឲ្យដឹងថា វាអាស្រ័យលើរុស្ស៊ីក្នុងការទទួលយកកិច្ចព្រមព្រៀងឈប់បាញ់រយៈពេល ៣០ ថ្ងៃដែលស្នើឡើងដោយសហរដ្ឋអាមេរិក ដើម្បីបញ្ជាក់ថា ខ្លួនពិតជាចង់បានសន្តិភាព។
អ៊ុយក្រែន បានយល់ព្រមកាលពីថ្ងៃទី ១១ ខែមីនា ចំពោះសំណើរបស់សហរដ្ឋអាមេរិក សម្រាប់ “បទឈប់បាញ់បណ្តោះអាសន្នរយៈពេល ៣០ ថ្ងៃជាបន្ទាន់” បន្ទាប់ពីពិភាក្សាជាមួយគណៈប្រតិភូអាមេរិកនៅទីក្រុង Jeddah ប្រទេសអារ៉ាប៊ីសាអូឌីត។ កិច្ចពិភាក្សាដែលបានធ្វើឡើងដោយគ្មានការចូលរួមពីអឺរ៉ុប បណ្តាលឱ្យមានការប្តេជ្ញាចិត្ត សម្រាប់ជំនួយសន្តិសុខថ្មីរបស់សហរដ្ឋអាមេរិកដល់អ៊ុយក្រែន ខណៈដែលសហរដ្ឋអាមេរិក បានធានាការយល់ព្រមជាបឋម សម្រាប់ការទទួលបានធនធានរ៉ែរបស់អ៊ុយក្រែន៕
ប្រែសម្រួល ឈូក បូរ៉ា
