ព័ត៌មានអន្តរជាតិ

លោក ត្រាំ ជ្រើសរើសនាយកប្រតិបត្តិ ក្រុមហ៊ុនអាកាសចរណ៍ ដើម្បីដឹកនាំទីភ្នាក់ងារ អាកាសចរណ៍សហព័ន្ធ បន្ទាប់ពីការប៉ះទង្គិចគ្នា ពាក់កណ្តាលអាកាស

AFP

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសតែងតាំងនាយកប្រតិបត្តិនៃក្រុមហ៊ុនអាកាសចរណ៍ Republic Airways លោក Bryan Bedford ដើម្បីដឹកនាំរដ្ឋបាល អាកាសចរណ៍សហព័ន្ធ (FAA) បន្ទាប់ពីមានការ ប៉ះទង្គិចគ្នា នៅកណ្តាលអាកាសដ៏សាហាវរវាងឧទ្ធម្ភាគចក្រ Black Hawk និងយន្តហោះដឹកអ្នកដំណើរ។

លោក ត្រាំ បានឲ្យដឹង នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា “លោក Brian នាំមកនូវបទពិសោធន៍ជាង ៣ទសវត្សរ៍នៅ ក្នុងអាកាសចរណ៍ និងភាពជាអ្នកដឹកនាំប្រតិបត្តិទៅ កាន់មុខតំណែងដ៏សំខាន់នេះ” ។ តំណែងនេះទាមទារការយល់ ព្រមពីព្រឹទ្ធសភា ។ ប្រសិនបើមានការបញ្ជាក់ នោះលោក នឹងដឹកនាំទីភ្នាក់ងារ អាកាសចរណ៍សហព័ន្ធ ដើម្បីទប់ទល់នឹង បញ្ហាប្រឈមធំៗ ដូចជាកង្វះខាត ឧបករណ៍បញ្ជាចរាចរណ៍ផ្លូវអាកាស និងការបញ្ឈប់ការងារជា បន្តបន្ទាប់លើបុគ្គលិកសហព័ន្ធ។

FAA បានឲ្យដឹងកាលពីថ្ងៃសុក្រ សប្ដាហ៍មុនថា ខ្លួនកំពុងដាក់កំហិតជាអចិន្ត្រៃយ៍ លើប្រតិបត្តិការឧទ្ធម្ភាគចក្រ ដែលមិនសំខាន់នៅជុំវិញអាកាសយានដ្ឋានជាតិ Ronald Reagan Washington និងការលុបបំបាត់ ឧទ្ធម្ភាគចក្រ និង យន្តហោះដឹកអ្នកដំណើរចម្រុះ ដោយអនុវត្តតាមអនុសាសន៍ របស់ក្រុមប្រឹក្សាសុវត្ថិភាពដឹកជញ្ជូនជាតិ។

យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួបានឲ្យដឹងផងដែរថា ច្បាប់ចុងក្រោយរបស់ទីភ្នាក់ងារ សហព័ន្ធបានកើតឡើងក្នុងរយៈពេលជាងមួយខែបន្ទាប់ពីការប៉ះទង្គិចគ្នាយ៉ាងធ្ងន់ធ្ងររវាងឧទ្ធម្ភាគចក្រ Black Hawk និងយន្តហោះដឹកអ្នកដំណើរនៅ ជិតព្រលានយន្តហោះកាលពីថ្ងៃទី ២៩ ខែមករា ដែលបានសម្លាប់មនុស្ស ៦៧ នាក់៕

ប្រែសម្រួល ឈូក បូរ៉ា

To Top