ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងការងារ និងឯកអគ្គរដ្ឋទូត ទីម័រខាងកើត បង្ហាញពីគោលបំណង បង្កើតកិច្ចសហប្រតិបត្តិការ លើវិស័យ TVET

ភ្នំពេញ៖ នៅក្នុងឱកាស ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយលោក​ អ៉ឺមេណេហ្ស៉ីលដូ គុប៉ា ឡូប៉េស (Ermenegildo Krupa Lopes) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាធិបតេយ្យ ទីម័រខាងកើត ប្រចាំនៅកម្ពុជា នារសៀល ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ លោក​ ហេង សួរ រដ្ឋមន្ត្រីក្រសួង ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបង្ហាញការស្វាគមន៍ និងជំរុញឱ្យមានកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងទីម័រខាងកើត លើវិស័យបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ (TVET) ដោយក្នុងន័យនេះលោករដ្ឋមន្ត្រី បានបង្ហាញការស្វាគមន៍ ឱ្យមានកិច្ចសហប្រតិបត្តិការ ក្នុងកម្រិត នៃការចុះ អនុស្សរណៈយោគយល់រួមគ្នា រវាងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស នៃប្រទេសទីម័រខាងកើត ជាមួយគ្រឹះស្ថានអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ(TVET) របស់កម្ពុជា។

ទន្ទឹមនេះ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កម្ពុជា និងទីម័រខាងកើត មានទំនាក់ទំនងការទូត ជាមួយគ្នារយៈពេល ២៣ឆ្នាំមកហើយ ដូចនេះលោករដ្ឋមន្ត្រី ជឿជាក់ថាតាមរយៈបេសកកម្មការទូត របស់ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាធិបតេយ្យ ទីម័រខាងកើតប្រចាំនៅកម្ពុជា នឹងជួយពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរកាន់តែរឹងមាំថែមទៀត។

ជាការឆ្លើយតប លោក​ Ermenegildo Krupa Lopes បានថ្លែងអំណរគុណ ​ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលតែងជួយ គាំទ្រ ដល់រដ្ឋាភិបាលទីម័រខាងកើត ជាពិសេសលោកបានកោតសរសើរ ចំពោះប្រទេសកម្ពុជា ដែលមានការអភិវឌ្ឍ លើគ្រប់វិស័យ មានចក្ខុវិស័យច្បាស់លាស់ ប្រជាជនរស់នៅក្នុងសន្តិភាព។ ទន្ទឹមនេះ លោកឯកអគ្គរដ្ឋទូតទីម័រខាងកើត បានសម្តែងការគាំទ្រចំពោះការជំរុញ ឱ្យមានកិច្ចសហប្រតិបត្តិការ រវាងប្រទេសទីម័រ ខាងកើត និងប្រទេសកម្ពុជា ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស និងកម្លាំងពលកម្មជំនាញ រវាងប្រទេសទាំងពីរ ហើយក៏នឹងជំរុញ ដល់កិច្ចសហប្រតិបត្តិការ លើវិស័យការងាររួមគ្នា ផងដែរ ៕

To Top