ព័ត៌មានជាតិ

រដ្ឋមន្រ្តីក្រសួងបរិស្ថាន លើកទឹកចិត្ត ចំពោះការវិនិយោគ ដែលគិតគូលើភាព ស្អាតរបស់កម្ពុជា

ភ្នំពេញ ៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយលោក Wang Bi’an នាយកប្រតិបត្តិក្រុមហ៊ុន Dongjiang Environmental Co., Ltd. នៅទីស្តីការក្រសួងបរិស្ថាន នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥។

នៅក្នុងជំនួបពិភាក្សាការងារនេះ លោករដ្ឋមន្រ្តី បានថ្លែងស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក Wang Bi’an និងប្រតិភូអមក្រុមហ៊ុន Dongjiang Environmental Co., Ltd. ដែលមានបំណងធ្វើការវិនិយោគ លើការគ្រប់គ្រងសំណល់ សំរាមគ្រោះថ្នាក់ និងសំរាមប្លាស្ទិក រួមជាមួយនឹងប្រព្រឹត្តិកម្មទឹក (water treatment) ជាចំណុចស្នូលនៃការងារអាទិភាព របស់ក្រសួងបរិស្ថាន ដើម្បីទប់ស្កាត់ និងលុបបំបាត់ការបំពុលទៅក្នុងបរិយាកាស។

លោក Wang Bi’an នាយកប្រតិបត្តិក្រុមហ៊ុន Dongjiang Environmental Co., Ltd. បានថ្លែងអំណរគុណ ឯកឧត្តមរដ្ឋមន្រ្តី ដែលបានលើកទឹកចិត្ត ឱ្យក្រុមហ៊ុន បានរួមចំណែកក្នុងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដើម្បីលើកកម្ពស់វិស័យបរិស្ថានកម្ពុជា ហើយតាមរយៈបទពិសោធន៍ជាង ២៥ឆ្នាំ ដែលផ្តោតលើសមត្ថភាពកែច្នៃកាកសំណល់គ្រោះថ្នាក់រហូតដល់ ២.៨ លានតោនក្នុងមួយឆ្នាំ និងមានបច្ចេកវិទ្យាទំនើបក្នុងការស្រាវជ្រាវ និងអភិវឌ្ឍន៍ ក្រុមហ៊ុនមានជំនឿថា នឹងរួមចំណែកក្នុងការអភិវឌ្ឍវិស័យបរិស្ថានប្រកបដោយនិរន្តរភាព។

លោករដ្ឋមន្រ្តី បានថ្លែងអំណរគុណ និងគាំទ្រចំពោះការវិនិយោគទាំងអស់ នៅកម្ពុជាដែលយកចិត្តទុកដាក់លើវិស័យបរិស្ថាន ជាពិសេសការកែច្នៃសំរាម សំណល់ប្លាស្ទិក ដើម្បីប្រើប្រាស់ឡើងវិញបាន ដែលនឹងអាចផ្តល់ អត្ថប្រយោជន៍ជាច្រើនដល់ប្រជាជនកម្ពុជា និងមានបំណងចូលរួម ជាមួយយុទ្ធនការនានារបស់ក្រសួងបរិស្ថាន ដើម្បីជួយឱ្យកម្ពុជាស្អាត កម្ពុជាមានភាពបៃតង និងមានការអភិវឌ្ឍ ប្រកបដោយចីរភាព៕

To Top