ព័ត៌មានជាតិ

ហានិភ័យ សុខភាព សាធារណៈ ពាក់ព័ន្ធនឹងការជួញដូរ សាច់ឆ្កែ និងឆ្មា

ភ្នំពេញ ៖ យោងទៅតាម អង្គការ FOUR PAWS មានសត្វឆ្កែ រហូតដល់ទៅ ៣ លានក្បាល ត្រូវបានប៉ាន់ស្មានថា ត្រូវបានសម្លាប់ ជារៀងរាល់ឆ្នាំ នៅកម្ពុជា ហើយការជួញដូរ សាច់ឆ្កែ និងឆ្មានេះ គឺជាកត្តាចម្បងមួយ បណ្តាលឱ្យមាន ហានិភ័យខ្ពស់ នៃជំងឺជាច្រើននៅកម្ពុជា រួមទាំងជំងឺឆ្កែឆ្កួតផងដែរ ។ ទន្ទឹមនឹងការផ្ទុះឡើង នៃជំងឺកូវីដ ១៩ ដែលអាចកើតចេញ ពីទីផ្សារលក់សត្វរស់ វាសំខាន់ណាស់ ដែលត្រូវចាំថាទីផ្សារលក់សត្វរស់ ដែលលក់សត្វឆ្កែ នៅតែបើកដំណើរការយ៉ាង សកម្មនៅកម្ពុជានៅឡើយ ហើយនេះជារឿងមួយយ៉ាងសំខាន់ ដែលយើងត្រូវចូលរួមដោះស្រាយ ដើម្បីទប់ស្កាត់ឱកាស នៃការផ្ទុះឡើងនូវជំងឺកាចសាហាវ ណាមួយផ្សេងទៀត។

ក្នុងរបាយការណ៍ ក៏បានចង្អុលបង្ហាញដែរថា អ្នកបរិភោគសាច់ឆ្កែ និងឆ្មាអាចទទួលរងផលប៉ះពាល់ពីការផ្ទុះឡើងនៃជំងឺអាសន្នរោគដែលបណ្ដាលមកពីពពួកបាក់តេរី វីប៊្រីយ៉ូ កូឡេរ៉ា និង ជំងឺទ្រីឈីនែឡា ដែលជាជំងឺប៉ារ៉ាស៊ីត ក្នុងចំណីអាហារ ដែលចម្អិនមិនបានល្អ ។ លើសពីនេះទៅទៀត អ្នកដែលហូបសាច់ឆ្កែ និងអ្នកពាក់ព័ន្ធនឹងការជួញដូរនេះ ក៏អាចប្រឈមនឹង ជំងឺអានត្រាក់ ជំងឺប៊្រុយសែសឡូស៊ីស ជំងឺរលាកថ្លើម និងជំងឺឡិបតូស្ដីរ៉ូស៊ីស ដែលជំងឺទាំងនេះបង្ក ដោយមេរោគសាហាវ រួមមាន អ៊ីកូលី ១០៧ និង សាលម៉ូណេឡា ដែលភាគច្រើន ត្រូវបានគេរកឃើញ នៅក្នុងសាច់កខ្វក់ ។ លើសពីនេះទៅទៀត អ្នកដែលទទួលទានសាច់ឆ្កែក៏អាចទទួលរងនូវផលប៉ះពាល់ ដោយសារធាតុពុលដូចជា ប៉ូសារធាតុប៉ូតាស្យូមស៊ីយានីត ស្ទ្រិចនីន និង ថ្នាំបន្ទន់សាច់ដុំស៊ូហ្សេមេថូនៀម ដែលត្រូវបានគេប្រើដើម្បីបំពុល និង ចាប់សត្វឆ្កែ។

តាមការស្រាវជ្រាវ បានបង្ហាញថា សត្វឆ្កែរាប់សែនក្បាល ត្រូវបានដឹកជញ្ជូនពីទីក្រុង បណ្ដាខេត្តនានា និងតំបន់ព្រំដែនទូទាំង ប្រទេសកម្ពុជា រៀងរាល់ខែ ដើម្បីបំពេញតម្រូវការ អ្នកបរិភោគ ។ ខេត្តនៅតាមព្រំដែន កម្ពុជា-ថៃ គឺជាកន្លែងពេញនិយមបំផុត សម្រាប់ផ្គត់ផ្គង់សាច់ឆ្កែ ។ ហើយខេត្តប៉ោយប៉ែត ត្រូវបានគេចាត់ទុកថា ជាប្រភពផ្គត់ផ្គង់សាច់ឆ្កែធំជាងគេ សម្រាប់ហាងនានា ក្នុងខេត្តសៀមរាបផងដែរ ។

ក្នុងឆ្នាំ ២០១៩ អង្គការ FOUR PAWS បានធ្វើការសិក្សាស្រាវជ្រាវ លើការជួញដូរសាច់ឆ្កែនៅកម្ពុជា ហើយបានបង្ហាញឱ្យឃើញថា សម្រាប់អ្នកត្រូវបានគេសម្ភាស ចំនួន ៥៣,៦% បានឆ្លើយថា ពួកគេធ្លាប់បានបរិភោគសាច់ឆ្កែម្ដងកាល ក្នុងជីវិតរបស់ពួកគេ (ក្នុងនោះមានបុរស ៧២,៤% និងស្ត្រី ៣៤,៨%) ហើយ ១២,២% ទៀត ទទួលទានសាច់ឆ្កែជាប្រចាំ ។
តាមរយៈការសិក្សានេះ គឺមានហេតុផលជាច្រើន ដែលនៅពីក្រោយការបរិភោគសាច់ឆ្កែនេះ ក្នុងចំណោមអ្នកបរិភោគផ្សេងគ្នា ។ ហេតុផលដំបូង គេជឿថា សាច់ឆ្កែជាម្ហូបក្លែមពិសេស សម្រាប់ពេលផឹកស្រា ។ មូលហេតុមួយទៀត គេជឿថា វាជួយបង្កើន លំហូរឈាម ជាពិសេសស្ត្រី ក្នុងពេលមានរដូវ និងក្រោយពេលសម្រាលកូនរួច ។ ហេតុផលចុងក្រោយ សម្រាប់មនុស្សមួយភាគតូច សាច់សត្វឆ្កែខ្មៅ ត្រូវបានគេជឿថា មានលក្ខណៈសម្បត្តិពិសេសខាងវេជ្ជសាស្ត្រ ។

“ឈ្មួញបានលួចសត្វចិញ្ចឹម ឬសត្វអនាថា ហើយដឹកជញ្ជូន ពួកគេទៅពាសពេញប្រទេស សូម្បីតែនៅតាមបណ្ដាព្រំដែន ។ គ្មាននរណាម្នាក់ដឹងទេថា តើសត្វទាំងនោះ មានឆ្លងជំងឺឆ្កែឆ្កួត ឬជំងឺផ្សេងៗទៀតដែរឬអត់ ។ ចំពោះការចាប់ឃុំទុក និង ការសម្លាប់សត្វឆ្កែនិងឆ្មាវិញ ភាគច្រើននៅតាមទីផ្សារ លក់សត្វរស់ផ្ទាល់ ទីធ្លាក្រោយផ្ទះ គឺមិនត្រឹមតែប្រើវិធីឃោរឃៅ ថែមទាំងមិនបានបំពេញ តាមបទដ្ឋានអនាម័យត្រឹមត្រូវឡើយ ។ ហេតុដូច្នេះហើយ វានឹងក្លាយជាកន្លែងបង្កាត់វីរុស រាតត្បាតដូចជា វីរុសកូរូណា ដែលពិភពលោក កំពុងជួបប្រទះជាដើម។”
នេះបើយោងទៅតាមប្រសាសន៍របស់ វេជ្ជបណ្ឌិត ខេតធឺរីន ភូលាក់ ដែលជាពេទ្យសត្វ និងជាប្រធានទទួលបន្ទុកសុខមាលសត្វអនាថា ប្រចាំតំបន់អាស៊ីអាគ្នេយ៍ របស់អង្គការ FOUR PAWS ។
ទាំងនេះបញ្ជាក់ច្បាស់ណាស់ថា ការជួញដូរសាច់ឆ្កែ និងឆ្មានៅអាស៊ីអាគ្នេយ៍បង្កហានិភ័យយ៉ាងខ្លាំង ដល់មនុស្សនិងសត្វ ។ ហើយអ្នកក៏អាចក្លាយ ជាជនរងគ្រោះម្នាក់ផងដែរ ដូច្នេះយើងត្រូវធ្វើការរួមគ្នា ដើម្បីបញ្ឈប់ការជួយដូរសាច់ឆ្កែ ដើម្បីផលប្រយោជន៍សង្គម។

យោងតាមប្រសាសន៍ លោក ហេង រតនា អគ្គនាយក នៃមជ្ឈមណ្ឌលសកម្មភាព កំចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានឱ្យដឹងថា “សុនខ បាននឹងកំពុងចូលរួម យ៉ាងសកម្ម ក្នុងសកម្មភាពបោសសម្អាតមីន ចាប់តាំងពីឆ្នាំ១៩៩៩។ បច្ចុប្បន្ននេះ អង្គការ ស៊ីម៉ាក់ មានសត្វសុនខ សរុបរហូតដល់ ១០៥ ក្បាល់ ដែលកំពុងប្រតិបត្តិការ បោសសម្អាតមីន និងយុទ្ធភ័ណ្ឌ មិនទាន់ផ្ទុះ នៅតាមបណ្ដាខេត្តនានា ក្នុងប្រទេសកម្ពុជា ។ រហូតដល់បច្ចុប្បន្ននេះ សុនខបានចេញប្រតិបត្តិការរំដោះផ្ទៃដីដែលរងផលប៉ះពាល់ ដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះ ពីសង្គ្រាម បានចំនួន ៨០.៣៨៤.១១៩ ម៉ែត្រក្រឡា ហើយបានរកឃើញគ្រាប់មីនចំនួន ៣៦២៤ គ្រាប់ និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ គ្រប់ប្រភេទចំនួន ១៦.១២២ គ្រាប់ ។ នេះសបញ្ជាក់ឱ្យឃើញថា សុនខ ពិតជាបានជួយសង្គ្រោះជីវិតមនុស្សជាច្រើន” ៕

To Top