ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រាប់ម្ចាស់ក្រុមហ៊ុន និង ម្ចាស់រថយន្តដឹកជញ្ជូន លើសទម្ងន់កម្រិតកំណត់ ដែលមាន រថយន្តត្រូវបានឃាត់ទុក និងបានបង់ប្រាក់ពិន័យរួចរាល់ អាចមកទទួលរថយន្តនៅតាមទីតាំងរក្សាទុក ចាប់ពីថ្ងៃជូនដំណឹង រហូតដល់ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ ។

តាមរយៈសេចក្ដីជូនដំណឹងរបស់ ក្រសួងសាធារណការ នៅថ្ងៃទី១៨ មីនា បានឱ្យដឹងថា យោងតាមលិខិត របស់ទីស្តីការគណៈរដ្ឋមន្ត្រី ស្តីពីករណីសំណើ សុំអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ ចំពោះការដោះលែង រថយន្តឃាត់ទុករយៈពេល ១ឆ្នាំ ចំនួន ១០៨គ្រឿង ដែលបានដឹកលើ សទម្ងន់កម្រិតកំណត់ គណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្ត ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ បានអញ្ជើញ ម្ចាស់ក្រុមហ៊ុន និងម្ចាស់រថយន្តទាំងអស់ដែលមានរថយន្ត ត្រូវបានឃាត់ទុកនាពេលកន្លងមក ដោយមន្ត្រីមានសមត្ថកិច្ចប្រចាំស្ថានីយជញ្ជីងអចល័ត និងក្រុមការងារ ជញ្ជីងចល័តនៃក្រសួងសាធារណការ និងដឹកជញ្ជូន ហើយបានបង់ប្រាក់ពិន័យរួចរាល់ គិតត្រឹមថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ មកចូលរួមដោះស្រាយ។
ក្រសួង បន្ដថា ម្ចាស់ក្រុមហ៊ុន និងម្ចាស់រថយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ដែលមានរថយន្តត្រូវ បានឃាត់ទុក និងបានបង់ប្រាក់ពិន័យរួចរាល់ អាចមកទទួលរថយន្ត នៅតាមទីតាំងរក្សាទុក ចាប់ពីថ្ងៃជូន ដំណឹងនេះរហូតដល់ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ ដោយតម្រូវឱ្យមានការធ្វើ កិច្ចសន្យាលែងប្រព្រឹត្ត បទល្មើស ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់បន្តទៀត។
លើសពីនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងបន្តអនុវត្តច្បាប់យ៉ាងតឹងរ៉ឹង ចាប់ពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ តទៅ ដោយបន្ថែម វិធានការ ចំពោះយានយន្តល្មើស ដែលដឹកលើសទម្ងន់កម្រិតកំណត់ ដោយ ត្រូវពិន័យទាំង ការផ្ទុកលើសទម្ងន់សរុប និងការផ្ទុកលើសទម្ងន់ នៃភ្លៅនីមួយៗទាំងពីរករណីព្រមគ្នា ស្របតាម មាត្រា៦០នៃច្បាប់ស្តីពីផ្លូវថ្នល់ ។
ក្រសួងសាធារណការ និងដឹកជញ្ជូន សង្ឃឹមយ៉ាងមុតមាំថា សមាគមដឹកជញ្ជូនទំនិញផ្លូវគោក កម្ពុជា សមាគមភ្នាក់ងារបញ្ជូនទំនិញកម្ពុជា សមាគមភស្តុភារកម្មកម្ពុជា ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ឬម្ចាស់ រថយន្តដឹកជញ្ជូន ធុនធ្ងន់គ្រប់ប្រភេទ នឹងចូលរួមអនុវត្តតាមខ្លឹមសារ នៃសេចក្តីជូនដំណឹងនេះឱ្យមានប្រសិទ្ធភាព ត្រឹមត្រូវ ម៉ឺងម៉ាត់ និងប្រកបដោយ ស្មារតីទទួលខុសត្រូវខ្ពស់៕
