ព័ត៌មានអន្តរជាតិ

សេតវិមាន ៖ លោក ដូណាល់ ត្រាំ នឹងធ្វើសន្និសិទ សារព័ត៌មាន ក្រោយសន្ទនា តាមទូរស័ព្ទជាង២ម៉ោង ជាមួយប្រធានាធិបតីរុស្ស៊ី

RT News

បរទេស ៖ អ្នកនាំពាក្យវិមានក្រឹមឡាំងរបស់រុស្ស៊ី លោក Dmitry Peskov បានប្រាប់សាព័ត៌មាន TASS ថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានបញ្ចប់ការសន្ទនាតាមទូរស័ព្ទ ដ៏យូរជាមួយសមភាគីអាមេរិក លោក ដូណាល់ ត្រាំ។ មេដឹកនាំទាំងពីរបានចូលរួម នៅក្នុងការហៅទូរស័ព្ទជាមួយគ្នា ប្រហែល ២ម៉ោងកន្លះ ចាប់ពីម៉ោងប្រហែល ១០ ព្រឹក កាលពីថ្ងៃអង្គារ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា ការសន្ទនានេះ គឺជាលើកទីពីរដែលមេដឹកនាំទាំងពីរ បាននិយាយគ្នាតាមទូរស័ព្ទ ចាប់តាំងពីលោក ដូណាល់ ត្រាំ ចូលកាន់តំណែងក្នុងខែមករា ។ មេដឹកនាំទាំងពីរត្រូវបានគេជឿថា បានពិភាក្សាអំពីកិច្ចព្រមព្រៀង ឈប់បាញ់ដ៏មានសក្តានុពលសម្រាប់ជម្លោះអ៊ុយក្រែន ។

យោងតាមអគ្គសេនាធិការរងនៃសេតវិមានលោក Dan Scavino ដែលបានបង្ហោះក្នុង Twitter អំឡុងពេលការហៅទូរស័ព្ទ ការសន្ទនាគឺ “ដំណើរការល្អ” ។ សេតវិមានក៏បានបញ្ជាក់ផងដែរថា លោក ដូណាល់ ត្រាំ នឹងនិយាយទៅកាន់អ្នកសារព័ត៌មានបន្ទាប់ពីបញ្ចប់កិច្ចសន្ទនាតាមទូរស័ព្ទលើកនេះ។

ការចូលរួមកាលពីថ្ងៃអង្គារបានកើតឡើងបន្ទាប់ពីសហរដ្ឋអាមេរិកបានបង្ហាញពីគំនិតផ្តួចផ្តើមបទឈប់បាញ់រយៈពេល ៣០ ថ្ងៃបន្ទាប់ពីកិច្ចប្រជុំជាមួយតំណាងអ៊ុយក្រែននៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត។

ចាប់តាំងពីពេល នោះមក លោក ពូទីន បាននិយាយថា លោកបើកចំហ ចំពោះគំនិតនៃបទឈប់បាញ់ ប៉ុន្តែបានទាមទារ ឱ្យដោះស្រាយបញ្ហាសំខាន់ៗជាមុនសិន។ ទាំងនេះរាប់បញ្ចូលទាំងសំណួរថា តើត្រូវធ្វើអ្វីជាមួយកងទ័ពអ៊ុយក្រែនដែលត្រូវបានឡោមព័ទ្ធនៅតំបន់ Kursk របស់រុស្ស៊ី ក៏ដូចជាការធានាថា ក្រុងគៀវនឹងមិនប្រើប្រាស់បទឈប់បាញ់ ដើម្បីទប់ទល់ និងបំពេញបន្ថែមជួរដែលកំពុងខ្វះខាតនោះទេ៕
ប្រែសម្រួលៈ ណៃ តុលា

To Top