ភ្នំពេញ ៖ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានបង្ហាញមោទនភាព ចំពោះការបោះជំហានឆ្ពោះទៅមុខ នៃវិស័យមុខងារសាធារណៈ និងការកែទម្រង់រដ្ឋបាលសាធារណៈ បាននិងកំពុងចូលរួមចំណែកដល់ការលើកកម្ពស់អភិបាលកិច្ច ក្នុងរដ្ឋបាលសាធារណៈ។

ក្នុងពិធីបើក «សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងមុខងារសាធារណៈ» នៅ ដឺ ព្រេមៀ សេនធ័រ សែនសុខ រាជធានីភ្នំពេញ នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា បានលើកឡើងអំពីសមិទ្ធផលជាច្រើនដែលក្រសួងសម្រេចទៅបានកន្លងមកនេះ អាស្រ័យដោយកត្តាសំខាន់ ៣ យ៉ាងគឺ៖ ទី១.កត្តាគោលនយោបាយ និងយុទ្ធសាស្ត្រដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល។ទី២.កត្តាផ្ទៃក្នុងនៃក្រសួងមុខងារសាធារណៈ។ ទី៣.កត្តាក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍ និងភាគីពាក់ព័ន្ធទាំងអស់។

ទន្ទឹមនេះ លោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ដើម្បីបំពេញនូវបេសកកម្មដ៏ថ្លៃថ្លា ប្រកបដោយកិត្តិយសដ៏ឧត្តុងឧត្តមបន្ថែមលើអ្វីដែលជាសមិទ្ធផលកន្លងមក ក្រសួងពិតជាមានភាពចាំបាច់ក្នុងការកំណត់ ទិសដៅសម្រាប់ជំហានបន្ទាប់ ដោយផ្តើមចេញពីការវាយតម្លៃច្បាស់លាស់នូវបញ្ហា ប្រឈមនាពេលបច្ចុប្បន្ន ចំណុចខ្លាំង ចំណុចខ្សោយ និងនិន្នាការក្នុងពេលអនាគត ដើម្បីដាក់ចេញនូវផែនការយុទ្ធសាស្ត្រ វិធានការ និងវិធីសាស្ត្រនានា ដើម្បីបន្តពង្រឹង និងកែលម្អអភិបាលកិច្ច និងធ្វើទំនើបកម្មស្ថាប័នរដ្ឋឱ្យក្លាយជារដ្ឋបាលសាធារណៈ ទំនើបមានសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ ដែលអាចបម្រើប្រជាជនបានកាន់តែល្អប្រសើរ។

បន្ថែមពីលើនេះ លោកឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា «ខ្ញុំពិតជាមានមោទនភាពណាស់ ចំពោះការបោះជំហានឆ្ពោះទៅមុខនៃវិស័យមុខងារសាធារណៈ និងការកែទម្រង់រដ្ឋបាលសាធារណៈ ដែលបាននិងកំពុងចូលរួម ចំណែកដល់ការលើកកម្ពស់អភិបាលកិច្ចក្នុងរដ្ឋបាលសាធារណៈ ដែលជាមូលដ្ឋានចាំបាច់ក្នុងការជំរុញល្បឿននៃការអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជា»។

សូមជម្រាបថា បន្ទាប់ពីពិធីបើកត្រូវបានបញ្ចប់ អង្គសន្និបាតមានការធ្វើបទបង្ហាញរបស់វាគ្មិនជាថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រសួងមុខងារសាធារណៈ និងវេទិកាសំណួរ ចម្លើយ លើប្រធានបទដែលបានបង្ហាញ និងការងារពាក់ព័ន្ធ។ សន្និបាតនឹងប្រពឹត្តទៅរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥៕
