ព័ត៌មានជាតិ

ទេសរដ្ឋមន្រ្តី លី ធុជ ចុះពិនិត្យសកម្មភាពបោសសម្អាតមីន ដើម្បីគាំទ្រគម្រោងអភិវឌ្ឍន៍ វិស័យទេសចរណ៍ធម្មជាតិ

ពោធិ៍សាត់ ៖ នៅ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន អញ្ជើញចុះពិនិត្យសកម្មភាពបោសសម្អាតមីនរបស់អង្គការ HALO Trust ដេីម្បីគាំទ្រដល់គម្រោងអភិវឌ្ឍន៍វិស័យទេសចរណ៍ធម្មជាតិរបស់រដ្ឋបាលខេត្តពោធិ៍សាត់ ស្ថិតក្នុងតំបន់រមណីយដ្ឋានអូរដាតូច ក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។

ការចុះពិនិត្យនេះ មានការចូលរួមលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ថ្នាក់ដឹកនាំអាជ្ញាធរមីន តំណាងក្រសួងបរិស្ថាន អាជ្ញាធរខេត្តពោធិ៍សាត់គ្រប់លំដាប់ថ្នាក់ និងប្រតិបត្តិករ HALO Trust។

ក្នុងឱកាសនោះ លោកទេសរដ្ឋមន្រ្តី លី ធុជ បានគូសបញ្ជាក់អំពីសារៈសំខាន់អំពីការងារបោសសម្អាតមីន ដេីម្បីគាំទ្រដល់ការអភិវឌ្ឍនៅនឹងកន្លែង ជាពិសេសចូលរួមផ្តល់សុខសុវត្ថិភាព និងលេីកកម្ពស់ដល់វិស័យទេសចរណ៍ធម្មជាតិនៅតាមតំបន់មួយចំនួនដែលកំពុងមានការចាប់អារម្មណ៍ និងទាក់ទាញភ្ញៀវទេសចរដេីរលេងកំសាន្តនិងសម្រាកលំហែកាយជាមួយនឹងធម្មជាតិដ៏ស្រស់ស្អាត ជាពិសេសតំបន់ភ្នំធម្មជាតិ ១៥០០ នៅវាលវែងនេះ។

លោកទេសរដ្ឋមន្រ្តី លី ធុជ បានបន្តទៀតថា បច្ចុប្បន្ននេះ អាជ្ញាធរមីន កំពុងយកចិត្តទុកដាក់លេីការងារបោសសម្អាតមីនដេីម្បីគាំទ្រវិស័យទេសចរណ៍ធម្មជាតិ ស្របតាមទស្សនវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងការបង្កេីតតំបន់ទេសចរណ៍ធម្មជាតិថ្មីៗឱ្យបានច្រេីនប្រកបដោយសុវត្ថិភាព ដេីម្បីរួមចំណែកលេីកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមសហគមន៍មូលដ្ឋាន។ ដំណេីរកំសាន្តរបស់ប្រជាពលរដ្ឋតាមតំបន់រមណីយដ្ឋានធម្មជាតិ ត្រូវតែមានការរៀបចំ និងមានសុខសុវត្ថិភាពខ្ពស់ ស្របតាមបំណងប្រាថ្នារបស់សម្តេចធិបតី។

ប៉ុន្ដែទោះបីយ៉ាងណា លោកទេសរដ្ឋមន្រ្តី លី ធុជ នៅតែបន្តអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមកុំចូលទៅតំបន់ណាដែលមិនដឹងប្រវត្តិច្បាស់លាស់ និងត្រូវសាកសួរអាជ្ញាធរមូលដ្ឋានមុនចូលតំបន់នោះ៕

To Top