កំពង់ចាម ៖ លោកសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញ បិទវគ្គបណ្តុះបណ្តាល កម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៨ លើកទី៣ សិស្សនគរបាលជ័យលាភីចំនួន ៧៧នាក់ នារី ២០នាក់ មកពីអគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅសាលានគរបាលជាតិ ភូមិភាគ២ ខេត្តកំពង់ចាម ។

បន្ទាប់ពីលោកឧត្តមសេនីយ៍ទោ រ័ត្ន ចំរើន នាយកសាលា បានធ្វើរបាយការណ៍អំពីលទ្ធផល នៃការងារបណ្តុះបណ្តាល របស់សាលានគរបាលជាតិ ភូមិភាគ២ ខេត្តកំពង់ចាម លោកសន្តិបណ្ឌិត បានលើកឡើងថា ក្នុងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងទស្សនវិស័យជឿនលឿនរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងនីតិកាលទី៧ នៃរដ្ឋសភានេះ ក្រសួងមហាផ្ទៃបានដាក់ចេញ នូវកម្មវិធីកំណែទម្រង់ច្បាស់លាស់ ទាក់ទងនឹងវិស័យសន្តិសុខ ដោយផ្តោតលើគោលដៅ៣សំខាន់ៗគឺ:

ទី១-ការបណ្តុះបណ្តាល ដើម្បីពង្រឹងសមត្ថភាពវិជ្ជាជីវៈកងកម្លាំងនគរបាលជាតិ ក្នុងការបម្រើជាតិ និងប្រជាពលរដ្ឋឱ្យបានកាន់តែល្អប្រសើរ
ទី២- ការពង្រឹងសមត្ថភាព និងបន្តជំរុញវឌ្ឍនភាពបណ្ឌិត្យសភា នគរបាលកម្ពុជានិង សាលានគរបាលជាតិភូមិភាគនានា
ទី៣-ការបំពាក់សម្ភារៈ ឧបករណ៍ទំនើបៗនិងមធ្យោបាយគ្រប់ គ្រាន់សម្រាប់គាំទ្រដល់កិច្ចប្រតិបត្តិការ និងការបំពេញភារកិច្ចប្រចាំថ្ងៃ របស់មន្ត្រីនគរបាលជាតិ។

ទន្ទឹមនេះដែរ លោកសន្តិបណ្ឌិត បានថ្លែងកោតសរសើរ បណ្ឌិត្យសភានគរបាលកម្ពុជា និងសាលានគរបាលជាតិភូមិភាគ២ ដែលមានការអភិវឌ្ឍយ៉ាង ឆាប់រហ័ស គួរឱ្យកត់សម្គាល់និងប្រកបដោយមោទនភាព ដើម្បីបំពេញបានតម្រូវការ ជាក់ស្ដែងនៃការងារ បណ្តុះបណ្តាល ធនធានមនុស្ស ព្រមទាំងបានថ្លែងអំណរគុណ ដល់សប្បុរសជនទាំងអស់ ដែលបានចូលរួមចំណែក ជាមួយក្រសួងមហាផ្ទៃ ក្នុងការអភិវឌ្ឍបណ្ឌិត្យសភា និងសាលានគរបាលជាតិ ភូមិភាគនានា។

លោកសន្តិបណ្ឌិត បានថ្លែងកោតសរសើរដល់ក្មួយៗជាសិស្សនគរបាលជ័យលាភីទាំងអស់ដែលបានខិតខំសិក្សាទទួលបានជោគជ័យ ព្រមទាំងបានផ្តាំផ្ញើឱ្យបន្តការសិក្សា ដកស្រង់បទពិសោធ ពង្រឹងនិងពង្រីក ចំណេះដឹងឱ្យកាន់តែទូលំទូលាយបន្ថែមទៀត ដើម្បីបំពញភារកិច្ចទទួលខុសត្រូវ បានល្អប្រសើរជូនជាតិ និងប្រជាពលរដ្ឋ ៕
