ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងការងារ និងរដ្ឋមន្ត្រីក្រសួងសុខាភិបាល ចុះពិនិត្យប្រសិទ្ធភាពការបម្រើសេវា ប.ស.ស. និងមូលនិធិសមធម៌សុខាភិបាល នៅមន្ទីរពេទ្យព្រះអង្គឌួង

ភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ទី១៩ ខែមីនា ឆ្នាំ២០២៥ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងលោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញចុះពិនិត្យស្ថានភាព ផ្ទាល់ការបម្រើសេវាសុខាភិបាល និងការប្រើប្រាស់សេវា ប.ស.ស. និងសេវាមូលនិធិសមធម៌ សុខាភិបាលរបស់បងប្អូន ប្រជាពលរដ្ឋដែលមក ទទួលសេវាសុខាភិបាល នៅមន្ទីរពេទ្យព្រះអង្គឌួង។

ការអញ្ជើញចុះផ្ទាល់ នៅមន្ទីរពេទ្យព្រះអង្គឌួងនាពេលនេះ ក្នុងគោលបំណងពិនិត្យមើលដំណើរការ និងស្ថានភាពនៃការបម្រើសេវា ការទទួលសេវា របស់បងប្អូនប្រជាពលរដ្ឋ និងការ បម្រើសេវាសុខាភិបាលរបស់ក្រុមគ្រូពេទ្យ ជាពិសេសការបម្រើសេវាផ្នែក ប.ស.ស. និងមូលនិធិសមធម៌សុខាភិបាល ជូនដល់ប្រជាពលរដ្ឋ ដែលមានការកើនឡើងជាបន្តបន្ទាប់ ។ កំណើននៃការមកទទួលសេវា សុខាភិបាលដូចនេះ បានបង្ហាញពីការជឿទុកចិត្ត និងការរីកចម្រើនលើសេវា សាធារណៈរបស់រាជរដ្ឋាភិបាល ។

ទន្ទឹមនឹងការរីកចម្រើននិងជឿទុកចិត្តពីបងប្អូនប្រជាពលរដ្ឋ លោករដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងលោករដ្ឋមន្ត្រីក្រសួងសុខាភិបាល បានសម្តែងការកោតសរសើរ ចំពោះថ្នាក់ដឹកនាំមន្ទីរពេទ្យ ក្រុមគ្រូពេទ្យ និងមន្ត្រី ប.ស.ស. ដែលសហការគ្នា បានយ៉ាងល្អ ក្នុងការផ្តល់សេវាសុខាភិបាល ជូនដល់បងប្អូនប្រជាពលរដ្ឋ ។ បន្ថែមពីនេះ ថ្នាក់ដឹកនាំមន្ទីរពេទ្យ និង មន្រ្តី ប.ស.ស. ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ បន្ថែមទៀត ដោយស្របតាមការអនុវត្ត នៃវិធានការគន្លឹះក្នុងវិស័យសុខាភិបាល ក្នុងគោលដៅលើកកម្ពស់គុណភាពសេវាសុខាភិបាល ដើម្បីឈានឆ្ពោះទៅសម្រេច បានការគ្របដណ្តប់សុខភាពជាសកល។

ក្នុងឱកាសនោះដែរ លោកសាស្ត្រាចារ្យ រដ្ឋមន្ត្រីក្រសួងសុខាភិបាល និង លោករដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏បានជួបសំណេះ សំណាល និងសួរសុខទុក្ខ ជាមួយអ្នកជំងឺ គ្រួសារអ្នកជំងឺ ដែលមកទទួលសេវានៅមន្ទីរពេទ្យព្រះអង្គឌួង ដើម្បីស្វែងយល់ពីការបម្រើ សេវារបស់មន្រ្តីសុខាភិបាល ក្នុងគោលបំណងធ្វើយ៉ាងណាពង្រឹងគុណភាពបម្រើសេវាប្រកបដោយប្រសិទ្ធភាព ស័ក្កិសិទ្ធភាព ក្រមសីលធម៌វិជ្ជាជីវៈ និងមិនមានការរើសអើង។

លោកសាស្ត្រាចារ្យរដ្ឋមន្រ្តីក្រសួងសុខាភិបាល និង លោករដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានផ្តល់ជាអនុសាសន៍គន្លឹះ ក្នុងការរៀបចំឱ្យមានភាពល្អប្រសើរបន្ថែមទៀត ដោយក្រុមការងារប្រចាំការ នៅក្នុងមន្ទីរពេទ្យត្រូវចុះពិនិត្យ និងជួយសម្រួលដល់អ្នករង់ចាំ ទទួលសេវាសុខាភិបាល ធ្វើយ៉ាងណាបន្តរក្សាប្រសិទ្ធភាព នៃការបម្រើសេវាឱ្យកាន់តែមានគុណភាព៕

To Top