ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្ដេជ្ញាបន្តខិតខំអនុវត្តការងារតាមតួនាទីភារកិច្ច ក្នុងន័យគាំទ្រគោលនយោបាយរាជរដ្ឋាភិបាល ឱ្យសម្រេចបានជោគជ័យ ដើម្បីបម្រើដល់ប្រយោជន៍ជាតិ និងប្រជាជន។

ការលើកឡើងរបស់ លោកឧបនាយករដ្ឋមន្ត្រី ស សុខា នាឱកាសអញ្ជើញទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូ គណៈកម្មការទី៤ ព្រឹទ្ធសភា ដឹកនាំដោយ លោកបណ្ឌិត នាង ផាត ប្រធានគណៈកម្មការទី៤ ព្រឹទ្ធសភា នៅសាលប្រជុំទីស្តីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥។

ក្នុងកិច្ចពិភាក្សានោះ លោក នាង ផាត ប្រធានគណៈកម្មការទី៤ នៃព្រឹទ្ធសភា បានសម្តែងការកោតសរសើរ និងលើកទឹកចិត្តខ្ពស់ ចំពោះក្រសួងមហាផ្ទៃ ក្រោមការដឹកនាំរបស់ លោកឧបនាយករដ្ឋមន្ត្រី ស សុខា ដែលមន្ត្រីរាជការទាំងស៊ីវិល នគរបាលជាតិ និងមន្ត្រីពន្ធនាគារ បានខិតខំបំពេញតួនាទី និងភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់ ទាំងកម្រិតជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីគាំទ្រគោលនយោបាយរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយក្នុងរយៈពេលជាងមួយឆ្នាំមកនេះ សម្រេចបានជោគជ័យជាបន្តបន្ទាប់ ក្នុងវិស័យស្ថិតក្រោមសមត្ថកិច្ចក្រសួងមហាផ្ទៃ។

ការថ្លែងកោតសរសើរពីប្រធានប្រតិភូព្រឹទ្ធសភា នាពេលនេះ បានធ្វើឡើងបន្ទាប់ពី លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានជម្រាបជូនអំពីកិច្ចការសំខាន់ៗក្រោមសមត្ថកិច្ចក្រសួងមហាផ្ទៃ ពាក់ព័ន្ធការអនុវត្តច្បាប់គ្រប់គ្រងរដ្ឋបាលដែនដី ការងារអត្តសញ្ញាណកម្ម អន្តោប្រវេសន៍ ពន្ធនាគារ ការងារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ការប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស ព្រមទាំងកិច្ចការសំខាន់ៗមួយចំនួនទៀត ពាក់ព័ន្ធការធានាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ រួមទាំងការប្រយុទ្ធប្រឆាំងនឹងបទល្មើសក្នុងសង្គម ការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក និងកិច្ចការមួយចំនួនទៀត ដែលបាននិងកំពុងអនុវត្តយ៉ាងសកម្ម និងយកចិត្តទុកដាក់។

ឈរលើមូលដ្ឋានសមិទ្ធផលការងារដែលក្រសួងមហាផ្ទៃ សម្រេចក្នុងរយៈពេលជាងមួយឆ្នាំមកនេះ លោកបណ្ឌិត នាង ផាត ជាថ្មីម្ដងទៀត បានបង្ហាញការកត់សម្គាល់លើសកម្មភាពសំខាន់ៗរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ទាំងការអញ្ជើញដឹកនាំកិច្ចប្រជុំនានាក្នុងកម្រិតក្រសួងមហាផ្ទៃ និងនៅតាមបណ្តារដ្ឋបាលថ្នាក់ក្រោមជាតិ ការអញ្ជើញចុះទៅកាន់មូលដ្ឋានផ្ទាល់ ដើម្បីត្រួតពិនិត្យការងារ និងជួបសំណេះសំណាលជាមួយមន្ត្រី ទាំងកម្មវិធីគ្រោង និងមិនគ្រោងទុកមុន ព្រមទាំងដំណើរបំពេញបេសកកម្មក្រៅប្រទេស ដើម្បីនាំមកនូវផលប្រយោជន៍ដល់ជាតិ ក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការជាមួយបណ្ដាប្រទេសជាមិត្តនានា។
ក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី ស សុខា ក៏បង្ហាញនូវការទទួលយកអនុសាសន៍ និងមតិយោបល់ល្អៗ ព្រមទាំងបានប្ដេជ្ញាចិត្តបន្តខិតខំអនុវត្តការងារតាមតួនាទីភារកិច្ច និងសមត្ថកិច្ចក្រសួងមហាផ្ទៃ ក្នុងន័យគាំទ្រគោលនយោបាយរាជរដ្ឋាភិបាល ដឹកនាំដោយ សម្ដេចមហាបវរធិបតី ឱ្យសម្រេចបានជោគជ័យ ដើម្បីបម្រើដល់ប្រយោជន៍ជាតិ និងប្រជាជន៕
