ព័ត៌មានអន្តរជាតិ

ប្រទេសចិន មានឆន្ទៈរួមគ្នាលើកកម្ពស់លទ្ធិពហុភាគីពិតប្រាកដជាមួយបារាំង

xinhua

ប៉េកាំង៖ លោក វ៉ាង យី ប្រធានការិយាល័យគណៈកម្មាធិការកិច្ចការបរទេសនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន (CPC) បានឲ្យដឹងថា ប្រទេសចិន មានឆន្ទៈរក្សាការផ្លាស់ប្តូរកម្រិតខ្ពស់យ៉ាងជិតស្និទ្ធជាមួយប្រទេសបារាំង ពង្រឹងការសម្របសម្រួលជាយុទ្ធសាស្ត្រ និងរួមគ្នាលើកកម្ពស់លទ្ធិពហុភាគីពិតប្រាកដ។

លោក វ៉ាង យី ដែលជាសមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្ស CPC បានធ្វើការកត់សម្គាល់នៅពេលកំពុងសន្ទនាតាមទូរស័ព្ទជាមួយលោក Emmanuel Bonne ទីប្រឹក្សាការទូតរបស់ប្រធានាធិបតីបារាំង។

ក្នុង​អំឡុង​ពេល​សន្ទនា​តាម​ទូរស័ព្ទ លោក វ៉ាង យី បាន​ស្នើ​ឱ្យលោក Bonne បញ្ជូន​ការ​ស្វាគមន៍​របស់​ប្រធានាធិបតី​ចិនលោក ស៊ី  ជីនពីង ទៅ​កាន់​ប្រធានាធិបតី​បារាំង អេម៉ានុយអែល ម៉ាក្រុង។

លោក វ៉ាង យី បានលើកឡើងថា ស្ថានភាពអន្តរជាតិបច្ចុប្បន្នកាន់តែស្មុគស្មាញ និងជាប់ទាក់ទងគ្នា ជាមួយនឹងការកើនឡើងគួរឱ្យកត់សម្គាល់នៃភាពមិនច្បាស់លាស់ និងអស្ថិរភាព នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ដោយកត់សម្គាល់ថាឆ្នាំនេះជាខួបលើកទី៨០ នៃជ័យជំនះក្នុងសង្គ្រាមលោកលើកទី២ លោក វ៉ាង យី បានលើកឡើងថា វាចាំបាច់សម្រាប់ប្រទេសចិន និងបារាំង ក្នុងនាមជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដើម្បីបង្កើនទំនាក់ទំនងជាយុទ្ធសាស្ត្រនៅឯចំណុចប្រសព្វប្រវត្តិសាស្ត្រដ៏សំខាន់នេះ។

លោក វ៉ាង យី បានបន្ដថា ប្រទេសចិន មានឆន្ទៈរក្សាការផ្លាស់ប្តូរកម្រិតខ្ពស់យ៉ាងជិតស្និទ្ធជាមួយបារាំង ពង្រឹងការសម្របសម្រួលជាយុទ្ធសាស្ត្រ រួមគ្នាលើកស្ទួយពហុភាគីនិយមពិតប្រាកដ លើកស្ទួយឋានៈអង្គការសហប្រជាជាតិ ការពារសណ្តាប់ធ្នាប់ពាណិជ្ជកម្មអន្តរជាតិ ធានាស្ថិរភាពនៃខ្សែសង្វាក់ឧស្សាហកម្ម និងការផ្គត់ផ្គង់សកល ប្រឆាំងនឹងអនុត្តរភាពឯកតោភាគី បដិសេធការដាក់ផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ប្រទេសមួយ លើសពីផលប្រយោជន៍រួមរបស់ប្រជាជាតិទាំងអស់ក្នុងពិភពលោក៕

ប្រែសម្រួល ឈូក បូរ៉ា

To Top