នយោបាយ

សម្ដេចតេជោ៖ កម្ពុជាទទួលលទ្ធផលល្អបំផុត ក្នុងកិច្ចប្រជុំកំពូល អាស៊ានលើក៣៥ និងកិច្ចប្រជុំពាក់ព័ន្ធ នៅបាងកក

ភ្នំពេញ ៖ ក្រោយពីបានចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥ និងកិច្ចប្រជុំពាក់ព័ន្ធនានា នៅទីក្រុងបាងកក ប្រទេសថៃ អស់រយៈពេល៣ថ្ងៃកន្លងមក សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានអះអាងថា កម្ពុជាទទួលបានលទ្ធផលល្អជាទីមោទនៈបំផុតពីកិច្ចប្រជុំ ។

សម្ដេចតេជោបានសរសេរនៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកថា “នៅព្រឹកថ្ងៃទី៥ ខែវិច្ឆិកា នេះ ខ្ញុំនឹងវិលត្រឡប់ ទៅប្រទេសកម្ពុជាវិញ បន្ទាប់ពីបានមកចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា នៅទីក្រុងបាងកក ប្រទេសថៃ អស់រយៈពេល៣ថ្ងៃកន្លងមកនេះ ដែលទទួលបានលទ្ធផលល្អជាទី មោទនៈបំផុត” ។

សម្ដេចនាយករដ្ឋមន្រ្តីបន្តថា កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនានា នៅបាងកក បានផ្តល់ឱកាសឲ្យប្រទេសសមាជិកអាស៊ានទាំងអស់ បានពិភាក្សាដោះស្រាយ បញ្ហាសំខាន់ៗ រួមគ្នា ដើម្បីរកផលប្រយោជន៍រួមសម្រាប់សហគមអាស៊ានទាំងមូល និងសម្រាប់ពិភពលោកផងដែរ ជាពិសេសពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយប្រទេសដៃគូអាស៊ាន ជាច្រើនដូចជា ចិន ឥណ្ឌា រុស្សី អាមេរិក កូរ៉េ ជប៉ុន ដើម្បីជំរុញការអភិវឌ្ឍ ស្ថេរភាព សន្តិភាព និងវិបុលភាពប្រកប ដោយចីរភាព។ សម្រាប់កិច្ចប្រជុំកំពូលលើកទី៣៦ នឹងធ្វើនៅប្រទេសវៀតណាមវិញម្តង ។

ខណៈនៅសល់៤ថ្ងៃទៀតបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា នឹងចូលមកដល់ ហើយនឹងបន្តបុណ្យអុំទូក អកអំបុក និងសំពះព្រះខែចាប់ពីថ្ងៃ១០-១២ វិច្ឆិកា សម្តេចតេជោបានឲ្យជនរួមជាតិ និងភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលរួមកំសាន្ត សប្បាយទាំងនៅក្នុងរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តនានា ហើយត្រៀមអំបុក , ចេកទុំ , ដូងខ្ចីដើម្បីទទួលទានអំបុកទាំងអស់គ្នានៅថ្ងៃទី ៩ វិច្ឆិកា ក្នុងបរិយាកាសសប្បាយរីករាយ “អំបុកថែជាតិ សាសនា និងព្រះមហាក្សត្រ”៕

To Top