កំពង់ធំ : នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករង ប្រធានគណៈកម្មាធិការ សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ បានដឹកនាំសហការីទៅសំណេះ សំណាលសាកសួរសុខទុក្ខ និងប្រកាសអង្គភាព ដែលត្រូវចងសម្ព័ន្ធមេត្រីភាព ជាមួយក្រុមគ្រួសារអតីតយុទ្ធជន និងរៀបចំប្រព័ន្ធសូឡាប្រើប្រាស់ពន្លឺព្រះអាទិត្យ បំភ្លឺតាមដងផ្លូវ ព្រមទាំងឧបត្ថម្ភស្បៀង អាហារគ្រឿងឧបភោគបរិភោគ ជូនក្រុមគ្រួសារអតីតយុទ្ធជន ដែលជាសម្ព័ន្ធមន្ត្រីភាព ដើម្បីអបអរសាទរ ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់ នាពេលខាងមុខ ដែលពិធីនេះប្រព្រឹត្តទៅនៅភូមិសហគមន៍អតីតយុទ្ធជន នៅឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីត យុទ្ធជនកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាលសម្ដេច តែងតែយកចិត្តទុកដាក់ពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជនរបស់យើង ដែលធ្លាប់មានគុណបំណាច់ ចំពោះជាតិនិងមាតុភូមិ នាពេលកន្លងទៅ។ ជាមួយនោះដែរសម្ដេចតេជោ និងសម្ដេចមហាបវរធិបតី លោកបានជូនពរដល់ក្រុមគ្រួសារអតីតយុទ្ធជនទាំងអស់ សូមទទួលបាននូវសុខភាពល្អ និងពុទ្ធពរទាំងបួនប្រការ កុំបីឃ្លៀងឃ្លាតឡើយ ។
នៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ស្បៀងអាហារគ្រឿងឧបភោគបរិភោគ ជូនអតីតយុទ្ធជនចំនួន ១០គ្រួសារ ដែលជាដៃគូសម្ព័ន្ធមេត្រីភាព ដែលជាអំណោយមនុស្សធម៌របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ បណ្ឌិតពេជ ច័ន្ទមុន្នី ព្រមទាំងរៀបចំតម្លើងបង្គោលភ្លើងប្រើប្រាស់ប្រព័ន្ធពន្លឺព្រះអាទិត្យនៅតាមដងផ្លូវ ចំនួន ៥០ដើម ដែលជាអំណោយឯកឧត្តម នួន ផារ័ត្នអភិបាលខេត្តកំពង់ធំ ប្រធានកិត្តិយសសមាគម អតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ និងលោកជំទាវ ដើម្បីជូនបងប្អូនក្រុមគ្រួសារ អតីតយុទ្ធជនអបអរសាទរ ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នៅពេលខាងមុខនេះផងដែរ។

ក្រុមគ្រួសារអតីតយុទ្ធជនចំនួន២០៦ គ្រួសារ ដែលកំពុងរស់នៅលើដីសម្បទានសង្គមកិច្ច និងផ្ទះថ្មីអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចហាបវរធិបតី ហ៊ុន ម៉ាណែត បានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត និងសូមគោរពជូនពរសម្ដេច និងជំទាវ បុត្រាបុត្រីចៅប្រុសចៅស្រី សូមទទួលបាននូវសុខភាពល្អ ព្រះជន្មាយុយឺនយូរ ដើម្បីដឹកនាំនាវាកម្ពុជាក្នុងសុខសន្តិភាពនិងការអភិវឌ្ឍ៕
ដោយសំនៀង
