ព័ត៌មានអន្តរជាតិ

លោក Trump តម្លើងពន្ធ ២៥ភាគរយ លើរថយន្តនាំចូលដោយរំពឹងថា នឹងបង្កើនប្រាក់ចំណូលពន្ធអាមេរិកបាន ១០០ ពាន់លានដុល្លារ

AFP

បរទេស៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃពុធថា លោកកំពុងដាក់ពន្ធ ២៥ភាគរយ លើការនាំចូលរថយន្ត ដែលការតម្លើងពន្ធនេះត្រូវបានសេតវិមានអះអាងថា នឹងជំរុញការផលិតក្នុងស្រុក ប៉ុន្តែក៏អាចដាក់សម្ពាធផ្នែកហិរញ្ញវត្ថុ លើក្រុមហ៊ុនផលិតរថយន្តដែលពឹងផ្អែកលើ ខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោកផងដែរ។

យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា លោក Trump បានប្រាប់អ្នកយកព័ត៌មានថា “វានឹងបន្តជំរុញកំណើន” ។ “យើងនឹងគិតថ្លៃពន្ធ ២៥ភាគរយ ប្រកបដោយប្រសិទ្ធភាព។”

ពន្ធគយដែលសេតវិមានរំពឹងថានឹងបង្កើនប្រាក់ចំណូល ១០០ពាន់លានដុល្លារក្នុងមួយឆ្នាំ អាចមានភាពស្មុគ្រស្មាញ សូម្បីតែក្រុមហ៊ុនផលិតរថយន្ត របស់សហរដ្ឋអាមេរិកក៏ប្រភពគ្រឿងបន្លាស់របស់ពួកគេ គឺយកមកពីជុំវិញពិភពលោកដែរ។ ការដំឡើងពន្ធដែលចាប់ផ្តើមនៅក្នុងខែមេសា មានន័យថា ក្រុមហ៊ុនផលិតរថយន្តអាចប្រឈមមុខនឹងការចំណាយខ្ពស់ និងការលក់បានទាប ទោះបីជាលោក Trump អះអាងថា ពន្ធនឹងនាំឱ្យរោងចក្រកាន់តែច្រើនបើកនៅសហរដ្ឋអាមេរិក និងចុងបញ្ចប់នៃអ្វីដែលគាត់វិនិច្ឆ័យថា ជាខ្សែសង្វាក់ផ្គត់ផ្គង់ “គួរឱ្យភ្ញាក់ផ្អើល” ដែលគ្រឿងបន្លាស់រថយន្ត និងរថយន្តបានបញ្ចប់ត្រូវបានផលិតនៅទូទាំងសហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ិក ៕

ប្រែសម្រួលៈ ណៃ តុលា

To Top