ព័ត៌មានជាតិ

រដ្ឋសភា ប្រគល់កៅអី ១៨៦ ដែលជាអតីតអាសនៈរបស់តំណាងរាស្រ្ត ដល់វិទ្យាល័យឥន្រ្ទទេវី

ភ្នំពេញ ៖ អគ្គលេខាធិការដ្ឋានរដ្ឋសភានៅព្រឹកថ្ងៃទី២៧ ខែមីនាឆ្នាំ២០២៥ បានប្រគល់កៅអីចំនួន១៨៦ដែលជាអតីតអាសនៈរបស់តំណាងរាស្រ្ត ជូនដល់វិទ្យាល័យឥន្រ្ទទេវី ដើម្បីសាលាយកទៅប្រើប្រាស់ជាប្រយោជន៍សាធារណៈ តាមតម្រូវការជាក់ស្តែង។

លោកឡេង ប៉េងឡុង បានគូសបញ្ជាក់ថា ទោះបីជាកៅអីទំាងនេះ បានប្រើប្រាស់ហើយក៏ដោយតែនៅមានគុណភាពល្អប្រសើរ អាចយកទៅប្រើប្រាស់នៅក្នុងសាលប្រជុំ ឬតាមតម្រូវការជាក់ស្តែងផ្ទាល់របស់សាលា។ លោកថា កៅអីទាំងនេះ ជាប្រភេទកៅអីដែលថ្នាក់ដឹកនាំ សមាជិកសមាជិការដ្ឋសភា អង្គុយប្រជុំរដ្ឋសភា ដែលនៅទីនេះគេហៅថា “អាសនៈ” តំណាងរាស្រ្តដែលទទួលបានការបោះឆ្នោតគំាទ្រពីប្រជាពលរដ្ឋ។

លោក នាក់ សុទ្ធា នាយកវិទ្យាល័យឥន្ទ្រទេវី បានឲ្យដឹងដែរថា ការប្រគល់អំណោយដ៏ថ្លៃថ្លានេះ ស្របតាមតម្រូវការជាក់ស្តែងរបស់សាលា ហើយសាលានឹងរៀបចំសាលប្រជុំរបស់ខ្លួនឱ្យបានស្អាតឡើងវិញ ជាមួយការបំពាក់កៅអី ដែលជាអំណោយរបស់រដ្ឋសភាទំាងនេះ ក្នុងការប្រើប្រាស់ជាប្រយោជន៏យូរអង្វែងតទៅ៕

To Top