ព័ត៌មានជាតិ

លោកបណ្ឌិត កៅ ថាច ដឹកនាំសហការីទស្សនកិច្ច ស្វែងយល់ពីសក្តានុភាព នៃការអភិវឌ្ឍន៍អង្គការ តុកកែញញឹមកម្ពុជា

កំពង់ឆ្នាំង : លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នៅរសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥នេះ បានអញ្ជើញ ដឹកនាំសហការី ព្រមទាំងសមាគមវារីវប្បកម្មកម្ពុជា ទស្សនកិច្ចស្វែងយល់ពីសក្តានុភាព នៃការអភិវឌ្ឍន៍របស់អង្គការ តុកកែញញឹមកម្ពុជាស្ថិតនៅឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

នៅក្នុងដំណើរទស្សនកិច្ចនោះ លោកបណ្ឌិត កៅ ថាច បានទទួលការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ ប្រធានអង្គការ ,លោក រ៉ែម ចាន់ដារ៉ា ប្រធានប្រតិបត្តិទូទៅនៃអង្គការតុកកែញញឹមកម្ពុជា ក្រោមការសម្របសម្រួលពី លោក ជេត ភិរម្យ ប្រធានសមាគមវារីវប្បកម្មកម្ពុជាផងដែរ។

ទន្ទឹមនឹងនោះ លោកបណ្ឌិត កៅ ថាច និងសហការី បន្ទាប់ពីបានស្តាប់ បទបង្ហាញពីលោកប្រធាន អង្គការតុកកែញញឹម កម្ពុជា ស្តីពីសក្តានុពលនៃការអភិវឌ្ឍន៍ក្នុងតំបន់លើផ្ទៃដីជាង ១០០ហិកតានោះ លោកបណ្ឌិតប្រតិភូក៏បានឆ្លៀតអញ្ជើញ ជួបជាមួយនឹងបងប្អូនកសិករដែលមករៀនវិធីចិញ្ចឹមត្រីមកពីខេត្តពោធិ៍សាត់ កំពង់ឆ្នាំង និងបាត់ដំបងជាច្រើនគ្រួសារ នឹងបានណែនាំបន្ថែមដល់ពួកគាត់ពីការផ្តល់ឥណទានរបស់ធនាគារ ARDB សម្រាប់វិស័យកសិកម្ម ចិញ្ចឹមសត្វ និងត្រី ចំពោះអ្នក មានគោលដៅច្បាស់លាស់ចង់ យកទៅពង្រីកអាជីវកម្មចិញ្ចឹមត្រីពិតប្រាកដ គឺអាចទាក់ទងបានដោយផ្តល់ ជូនក្នុងអត្រាការប្រាក់សមរម្យ និងអនុគ្រោះថែមទៀត។

បន្ទាប់មកទៀត លោកបណ្ឌិត កៅ ថាច ក៏បានអញ្ជើញឆ្លៀតទស្សនាផ្ទះលំហែ និងភោជនីយដ្ឋានលំដាប់ផ្កាយ៤ ជាមួយនឹងសោភ័ណភាពបៃតង កន្លែងស្នាក់នៅសម្រាប់ភ្ញៀវទេសចរណ៍កម្សាន្ត,សាលារៀនរបស់កុមារក្រីក្រ ពីថ្នាក់មត្តេយ្យដល់អនុវិទ្យាល័យ ,កន្លែងបង្រៀនចិញ្ចឹមត្រី និងសួនបន្លែធម្មជាតិលើផ្ទៃដី៣០ហិកតា ទីតាំងសម្តែងវប្បធម៌ចម្រុះជាតិសាសន៍ ព្រមទាំងកន្លែង កម្សាន្តជាច្រើទៀត។

សម្រាប់ចុងក្រោយ នៃទស្សនកិច្ចនាល្ងាចថ្ងៃដដែល គឺ ស្ថិតក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ឯកឧត្តមបណ្ឌិតប្រតិភូ ក៏បានអញ្ជើញពិនិត្យមើលកន្លែងចិញ្ចឹមទា និងត្រីមួយកន្លែងបន្ថែម ទៀត ឈ្មោះ កសិករគ្រួសារមនោរម្យ កំពុងចិញ្ចឹមទា សម្រាប់ផ្គត់ផ្គង់ទីផ្សារនៅ តាមបណ្តាខេត្តផងដែរ៕

To Top