បរទេស៖ ក្រុមចៅក្រមនៃតុលាការកំពូលប្រេស៊ីល កាលពីថ្ងៃពុធបានទទួល យកជាឯកច្ឆ័ន្ទលើការចោទ ប្រកាន់ទៅលើអតីត ប្រធានាធិបតី លោក Jair Bolsonaro ជុំវិញការចោទប្រកាន់ថា លោកបានព្យាយាមបន្តកាន់តំណែង បន្ទាប់ពីការបរាជ័យក្នុងការបោះឆ្នោតឆ្នាំ ២០២២ ហើយបានបញ្ជាឱ្យ លោកចូលសវនាការ។
យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា អគ្គរដ្ឋអាជ្ញាគឺលោក Paulo Gonet បានចោទអតីតប្រធានាធិបតី Bolsonaro និង មនុស្ស ៣៣នាក់ផ្សេងទៀត ពីបទប៉ុនប៉ងធ្វើរដ្ឋប្រហារ ដែលរួមបញ្ចូលផែនការ បំពុលអ្នកស្នងតំណែងរបស់លោក ដែលជាប្រធានាធិបតីបច្ចុប្បន្ន Luiz Inácio Lula da Silva និងសម្លាប់ចៅក្រមតុលាការកំពូល។
ក្រុមយុត្តិធម៌របស់ប្រទេស ប្រេស៊ីល បាននិយាយថា សម្ព័ន្ធមិត្តជិតស្និទ្ធចំនួន៧ ក៏គួរតែទទួលការកាត់ទោស លើ៥ករណីផងដែរ ដោយក្នុងនោះ រួមមាន ការប៉ុនប៉ងធ្វើរដ្ឋប្រហារ ការជាប់ពាក់ព័ន្ធក្នុងអង្គការឧក្រិដ្ឋកម្មប្រដាប់អាវុធ ការប៉ុនប៉ងលុបបំបាត់ចោលនូវនីតិរដ្ឋប្រជាធិបតេយ្យ ការខូចខាតដែលត្រូវបានកំណត់ដោយអំពើហិង្សា និងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរប្រឆាំង នឹងទ្រព្យសម្បត្តិរបស់រដ្ឋ និងការធ្វើឱ្យខូចកេរ្តិ៍ឈ្មោះក្នុងបញ្ជី។
យ៉ាងណាក៏ដោយ អតីតប្រធានាធិបតី Bolsonaro បានបដិសេធម្តង ហើយម្តងទៀត និងថា លោកត្រូវបានគេ ធ្វើទុក្ខបុកម្នេញ ផ្នែកនយោបាយ ។ ចំណែក មេធាវីរបស់លោក Bolsonaro មិនបានឆ្លើយតបភ្លាមៗ ចំពោះសំណើសុំការ អត្ថាធិប្បាយទេ៕
ប្រែសម្រួលៈ ណៃ តុលា
