ព័ត៌មានជាតិ

សាស្ត្រាចារ្យ ឈាង រ៉ា មាតុភូមិនិវត្តន៍ ក្រោយបំពេញទស្សនកិច្ចផ្លូវការ នៅទីក្រុងហុងកុង

ភ្នំពេញ ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីសុខាភិបាល បានធ្វើដំណើរមកដល់ មាតុប្រទេសវិញ ហើយកាលពីរសៀលថ្ងៃ២៧ មីនា បន្ទាប់ពីបានបំពេញទស្សនកិច្ចផ្លូវការ នៅទីក្រុងហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី២៣-២៧ ខែមីនា ឆ្នាំ២០២៥ ។

ការបំពេញទស្សនកិច្ចនេះ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ សំដៅសម្រេចឱ្យបាននូវចំណុចអាទិភាពសុខាភិបាល និងផែនការយុទ្ធសាស្ត្រសុខាភិបាល ក្នុងការឈានទៅសម្រេចបាន នូវការគ្របដណ្តប់សុខភាពជាសកល ស្របតាម យុទ្ធសាស្ត្របញ្ចកោណ នៃរាជរដ្ឋាភិបាល អាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកប ដោយគតិបណ្ឌិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា។

រយៈពេល ៣ថ្ងៃពេញ នៃដំណើរទស្សនកិច្ចនេះ មានលក្ខណៈគ្រប់ជ្រុងជ្រោយ ក្នុងគោលដៅស្វែងយល់បន្ថែម ពីប្រព័ន្ធសុខាភិបាល នៅទីក្រុងហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីយកមកធ្វើការឆ្លុះបញ្ចាំង និងអភិវឌ្ឍន៍វិស័យសុខាភិបាល កាន់តែរីកចម្រើនថែមទៀត ឱ្យស្របតាមបរិបទនៅកម្ពុជា៕

To Top