ភ្នំពេញ: ឆ្លងចរន្តអគ្គិសនីបណ្ដាលឱ្យផ្ទុះឆេះដុំភ្លើងកុំទ្យុទ័រ (ម៉ូនីទ័រ)ដែលស្ថិតក្នុងបន្ទប់ជាន់ផ្ទាល់ដី អគាររបស់ធនាគារ J Trust royal bank បង្កឲ្យមានការភ្ញាក់ផ្អើល ដល់សមត្ថកិច្ចមូលដ្ឋាន និងរថយន្តពន្លត់អគ្គិភ័យ រួមទាំងប្រជាពលរដ្ឋ ចុះមកជួយអន្តរាគមន៍ បាញ់ពន្លត់កាលពីវេលាម៉ោង២ និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ត្រង់ចំណុចធនាគារ J Trust royal bank នៅតាមបណ្តោយផ្លូវ២៨៩ ស្ថិតក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។
តាមប្រភពព័ត៌មានពីសន្តិសុខ ដែលយាមកាមនៅក្នុងធនាគារ បានរៀបរាប់ប្រាប់ឲ្យដឹងថា គាត់ក៏បានឮសំឡេងកណ្ដឹងប្រកាសអាសន្ន។ ហើយភ្លាមៗនោះ ពួកគាត់ក៏បាននាំគ្នាដើរពិនិត្យមើល ក្នុងបរិវេណអគារធនាគារ ក៏ស្រាប់តែមានឃើញមានផ្សែងហុយខ្មួលខ្មាញ់ ចេញមកពីខាងក្នុងបន្ទប់ ដាក់សម្ភារ:ដែលនៅជាន់ផ្ទាល់ដី។ បន្ទាប់មកក៏ប្រញាប់ប្រញាល់ រាយការណ៍ជូនសមត្ថកិច្ច មូលដ្ឋាននិងរថយន្តពន្លត់អគ្គិភ័យឲ្យចុះមកជួយអន្តរាគមន៍។
ភ្លាមៗនោះ កម្លាំងសន្តិសុខដែលយាមកាម នៅធនាគារខាងលើ បាននាំគ្នាយកបំពង់ពន្លត់អគ្គិភ័យ បាញ់ពន្លត់អស់៤ទៅ៥បំពង់ ក៏រលត់ទៅវិញជាស្ថាពរ។
ក្រោយមកក៏មានរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានចុះមកដល់កន្លែងកើតហេតុចំនួន២គ្រឿង តែមិនបានធ្វើការបាញ់ទឹកពន្លត់នោះទេ៕