Covid-19

អភិបាលខេត្តកំពង់ចាម ក្រើនរំលឹកដល់ពលរដ្ឋ ថែរក្សាសុខភាព ដើម្បីចៀសផុតពីជំងឺកូវីដ១៩

កំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិ ការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានថ្លែង ក្រើនរំលឹកដល់ប្រជាពលរដ្ឋ ពិសេសលោកតា លោកយាយ អោយថែរក្សាសុខភាព ដើម្បីចៀសផុតពីជំងឺកូវីដ១៩ ។

លោកអភិបាលខេត្ត បានលើកឡើងដូច្នេះ នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ ខណ:នាំយកអំណោយ របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនចាស់ជរាគ្មានទីពឹង និងជនពិការចំនួន ៤៦គ្រួសារ នៅស្រុកកោះសូទិន ខេត្តកំពង់ចាម ។

ប្រធានគណៈកម្មាធិការសាខាកាកបាទ ក្រហមខេត្ត លោក អ៊ុន ចាន់ដា បានយកឱកាសនោះ ពាំនាំការសួរសុខទុក្ខពីសំ ណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដល់ប្រជាពលរដ្ឋទាំងអស់ ជាពិសេសគឺមានបំណងអោយបងប្អូន ប្រជាពលរដ្ឋមានការ យល់ដឹងអំពីវិធីបង្ការ ការពារ ការរាតត្បាតនៃជម្ងឺកូវីដ១៩ ដែលកំពុងរីករាលដាល លើពិភពលោក និងវិធានការ ដាក់ខ្លួនឱ្យស្ថិតនៅដាច់ដោយឡែក សម្រាប់បងប្អូនពលករ ពលការីនី ដែលទើបនឹងត្រឡប់មកពីបរទេស និងការប្រើប្រាស់ម៉ាស ឱ្យបានត្រឹមត្រូវ ជាប់ជាប្រចាំ ដើម្បីបង្ការ និងទប់ស្កាត់ ការឆ្លងរាតត្បាតនៃជម្ងឺកូវីដ១៩នេះ ។

ជាមួយគ្នានោះដែរ លោក អ៊ុន ចាន់ដា ក៏បានសំណូមពរ ដល់ប្រជាពលរដ្ឋ អោយយក ចិត្តទុកដាក់ការថែរក្សាសុខភាព ពិសេស លោកយាយ លោកតា សូមការពារខ្លួនពីជំងឺកូវីដ ១៩ និងសូមឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បន្តយកចិត្តទុកដាក់ធ្វើការ ផ្សព្វផ្សាយអំពីវិធានការ ការពារ អប់រំការធ្វើអនាម័យ ការពារជំងឺឆ្លង ដែលក្រសួង សុខាភិបាលបានប្រកាសជូនបងប្អូនប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា អំណោយដែលបាននាំទៅចែក ជូនប្រជាពលរដ្ឋនាពេលនេះ គឺក្នុងមួយគ្រួសារទទួលបាន អង្ករ ២៥ គីឡូ ក្រាម, ត្រីខ ១យួរ , មី ១កេស, ទឹកត្រី១ យួរ,ទឹកស៊ីអ៊ីវ១យួរ, ឃីត ១កញ្ចប់ (មុង ១ ភួយ ១ សារុង ១ និង ក្រមា ១) សាប៊ូ២ដុំ និងថវិកា ២០,០០០រៀល ។
ដោយឡែក គ្រួសារពិការ ១ គ្រួសារ ទទួលបានការឧបត្ថម្ភ រឺម៉ក១ គ្រឿង ថវិកា ២ លានរៀលផងដែរ ៕

To Top