ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាថ្ងៃទី៧មេសា ឆ្នាំ២០២៥ស្អែកនេះ នឹងអញ្ជេីញជាអធិបតីភាព សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ស្ពានមរតកតេជោ ដែលជាស្ពានអាកាសកំពស់២ជាន់ ដំបូងគេ នៅកម្ពុជា ។

ដោយឡែកនារសៀលថ្ងៃទី៦ មេសា ឆ្នាំ២០២៥ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី ជា ស៊ីណា ឃួង ស្រេង បានអញ្ជើញជាអធិបតី ក្នុងពិធីក្រុងពាលី តាមបែបសាសនា ដើម្បីសុំម្ចាស់ទឹកម្ចាស់ដី សុំសេចក្តីសុខសេចក្តីចំរើនសម្រាប់ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ ស្ពានអាកាសមរតកតេជោ ។

ពិធីក្រុងពាលីជាប្រពៃណីទំនៀមទំលាប់ ដែលដូនតាខ្មែរតែងតែរៀបចំធ្វើឡើង នៅមុនពិធីសម្ពោធសមិទ្ធិផលថ្មីៗ ដែលទើបបានកសាងឡើងបានរួចរាល់ ដែលចង់ប្រាប់និងឧទ្ទិសដល់ម្ចាស់ទឹកម្ចាស់ដី ឱ្យជួយបីបាច់ថែរក្សាអ្នកប្រើប្រាស់ សមិទ្ធិផលថ្មីនេះ ឱ្យមានក្តីសុខសប្បាយ។

ស្ពានអាកាសមរតកតេជោ ប្រសព្វរវាងមហាវិថីព្រៈមុនីវង្ស,មហាវិថីសម្តេចតេជោ ហ៊ុន សែន និងមហាវិថីយោធពលខេមរភូមិ (ផ្លូវ២៧១) ក្នុងខណ្ឌមានជ័យ និងខណ្ឌចំការមន ដែលជាស្ពានអាកាសកំពស់២ជាន់លើកដំបូងនៅកម្ពុជា។

លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថា ស្ពានអាកាសមរតកតេជោ នឹងជួយកាត់បន្ថយការចំណាយពេលវេលា ក្នុងការធ្វើដំណើរ, សម្រួលលំហូរចរាចរធ្វើឪ្យិប្រជាពលរដ្ឋ ងាយស្រួលក្នុងការធ្វើ ដំណើរទៅមក ពិសេសពេលមានបុណ្យទានធំៗ មានបុណ្យភ្ជុំបិណ្ឌ,បុណ្យចូលឆ្នាំ និងបុណ្យអុំទូកជាដើម៕












