ភ្នំពេញ ៖ លោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានជំរុញដល់ប្រជាកសិករ អាជីវករ និងម្ចាស់ឡសម្ងួត ត្រូវរួមគ្នាផលិត និងអនុវត្តស្របតាមស្តង់ដារបច្ចេកទេស ក្នុងការបង្កើនការផលិតផលិតផលថ្នាំជក់កម្ពុជា សម្រាប់នាំចេញទៅទីផ្សារអន្តជាតិ។

នាឱកាសអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល ក្នុងឱកាសនៃទស្សនកិច្ចសិក្សាស្តីពីការផលិត និងកែច្នៃផលិតផលថ្នាំជក់កម្ពុជា សម្រាប់ការនាំចេញ នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ លោកស្រី រដ្ឋមន្ត្រី បានសម្ដែងនូវសេចក្តីសោមនស្សរីករាយ ដែលបានជួបសំណេះសំណាលជាមួយបងប្អូនប្រជាកសិករ និងបានសម្តែងនូវការគាំទ្រចំពោះក្រុមហ៊ុន JTI ក្នុងការជំរុញផលិតផលថ្នាំជក់កម្ពុជា ក្នុងខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម សម្រាប់ធ្វើការកែច្នៃវេចខ្ចប់ និងនាំចេញទៅលក់នៅទីផ្សារអន្តរជាតិ ពិសេសទីផ្សារក្នុងប្រទេសជប៉ុន។

លោកស្រី រដ្ឋមន្ត្រី បន្តថា ក្រសួងពាណិជ្ជកម្ម បានគាំទ្រក្នុងការរៀបចំនិងចុះបញ្ជី “ថ្នាំជក់កម្ពុជា” ជាម៉ាកសមូហភាព ក្នុងប្រទេសកម្ពុជា កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ កន្លងទៅ ដែលម៉ាកសមូហភាព “ថ្នាំជក់កម្ពុជា” បានផ្តល់ឱ្យកសិករនូវការបណ្តុះបណ្តាលផ្នែកគ្រប់គ្រង បច្ចេកទេសវេចខ្ចប់ នវានុវត្តផលិតផល និងប្រព័ន្ធត្រួតពិនិត្យ ដែលធ្វើឱ្យផលិតផលថ្នាំជក់ ទទួលបានតម្លៃបន្ថែម និងមានតម្រូវការទីផ្សារខ្ពស់ ដែលបានចូលរួមចំណែកក្នុងការជួយលើកស្ទួយសេដ្ឋកិច្ចគ្រួសាររបស់កសិករខ្នាតតូច និងមធ្យមជាច្រើន។

ដើម្បីជាវិភាគទានដល់ការជំរុញការអភិវឌ្ឍផលិតកម្មថ្នាំជក់កម្ពុជា លោកស្រី រដ្ឋមន្ត្រី បានចូលរួមចែករំលែកនូវអនុសាសន៍គន្លឹះមួយចំនួន រួមមាន៖
១- ផលិតផលម៉ាកសមូហភាពពិតជាផ្តល់នូវគុណតម្លៃខ្ពស់ទាំងក្នុងទិដ្ឋភាព សេដ្ឋកិច្ច សង្គម បរិស្ថាន វប្បធម៌ និងទេសចរណ៍សម្រាប់កម្ពុជា ប៉ុន្តែចាំបាច់ត្រូវមានការអភិវឌ្ឍន៍ប្រព័ន្ធគ្រប់គ្រងម៉ាកសមូហភាព “ថ្នាំជក់កម្ពុជា” ឱ្យបានរឹងមាំ ដែលត្រូវមានការចូលរួមមិនអាចខ្វះបានពីក្រសួង-ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម ជាពិសេសកិច្ចគាំទ្ររបស់ក្រុមហ៊ុន JTI ក្នុងការពង្រឹងគុណភាព និងជំរុញការនាំចេញផលិតផលថ្នាំជក់កម្ពុជានេះ ទៅទីផ្សារអន្តរជាតិ និងទីផ្សារក្នុងប្រទេសជប៉ុន។
២- បងប្អូនប្រជាកសិករ អាជីវករ និងម្ចាស់ឡសម្ងួតទាំងអស់ ត្រូវរួមគ្នាផលិត និងអនុវត្តស្របតាមស្តង់ដារបច្ចេកទេសដែលបានកំណត់ និងជំរុញការប្រើប្រាស់បច្ចេកវិទ្យាក្នុងការផលិតផលិតផលថ្នាំជក់កម្ពុជាសម្រាប់នាំចេញទៅទីផ្សារអន្តជាតិ។
៣- ស្ថាប័នមានសមត្ថកិច្ចក្រោមចំណុះក្រសួងពាណិជ្ជកម្ម ជាពិសេស មន្ទីរពាណិជ្ជកម្មខេត្ត និងសាខាក.ប.ប. សហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ត្រូវបន្តខិតខំជំរុញការប្រកួតប្រជែងស្មើភាព តាមរយៈការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងសកម្មភាពដែលរារាំង រឹតត្បិត ឬបង្ខូចដល់ការប្រកួតប្រជែងស្មើភាពនិងយុត្តិធម៌ ការចូលរួមពង្រឹងការអនុវត្តច្បាប់ ដើម្បីផ្តល់កិច្ចការពារកម្មសិទ្ធិបញ្ញាឱ្យកាន់តែប្រសើរ និងការពង្រឹងសមត្ថភាពប្រយុទ្ធប្រឆាំងនឹងទំនិញក្លែងក្លាយ និងបទល្មើសកម្មសិទ្ធិបញ្ញាដទៃទៀត ដើម្បីបង្កើនជំនឿទុកចិត្តរបស់អតិថិជនអ្នកប្រើប្រាស់ និងក្រុមហ៊ុនធុរកិច្ច។

៤- ក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ និងវិស័យឯកជន ត្រូវបន្តសហការគ្នារកវិធីសាស្ដ្រឱ្យកាន់តែមានប្រសិទ្ធភាពជាសម្លេងមួយ ជាយុទ្ធសាស្រ្តមួយ ជាផែនការសកម្មភាពមួយ សហការគ្នាជាធ្លុងមួយ បង្កើតជាកម្លាំងសរុប ដើម្បីយើងអាចធានាបានតម្លៃ ធានាគុណភាព ធានាបរិមាណបង្កើនការផ្គត់ផ្គង់ក្នុងស្រុក ពង្រឹងនិងពង្រីកទៅផ្សារនាំចេញ៕
