ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានណែនាំដល់រដ្ឋបាលខេត្តជាប់ព្រំដែនជាមួយប្រទេសថៃ ត្រូវបង្ការ ទប់ស្កាត់ និងចាត់វិធានការចំពោះបុគ្គលណាដែលទាមទារកម្រៃសេវាក្រៅផ្លូវការ ពីប្រជាពលរដ្ឋខ្មែរនៅពេលឆ្លងដែន ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី នាពេលខាងមុខនេះ។
តាមរយៈលិខិតរបស់ក្រសួងមហាផ្ទៃ ផ្ញើជូន អភិបាលខេត្តជាប់ព្រំដែនជាមួយប្រទេសថៃ នាថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា ដើម្បីលើកកម្ពស់ការគ្រប់គ្រង និងជួយសម្របសម្រួលដល់ការធ្វើដំណើរចេញចូល ឆ្លងដែនរបស់ប្រជាពលរដ្ឋខ្មែរ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឱ្យប្រព្រឹត្តទៅដោយរលូន ក្រសួង មហាផ្ទៃ បានធ្វើការណែនាំដល់រដ្ឋបាលខេត្តជាប់ព្រំដែនជាមួយប្រទេសថៃត្រូវយកចិត្តទុកដាក់អនុវត្តនូវកិច្ចការ មួយចំនួន ដូចជា៖ ត្រូវពិនិត្យ និងវាយតម្លៃនូវស្ថានភាពរួមនៃការចេញចូលឆ្លងដែនក្នុងអំឡុងពេលមុននិង ក្រោយពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដើម្បីចាត់វិធានការឱ្យបានសមស្របដើម្បី ធានាថែរក្សាការពារសន្តិសុខ សុវត្ថិភាពសង្គម សណ្តាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយ នៅតាមច្រកទ្វារព្រំដែននីមួយៗឱ្យបានល្អប្រសើរ។
ក្រសួង បន្ដថា ត្រូវសម្របសម្រួល និងដោះស្រាយបញ្ហាប្រឈមនានា កុំឱ្យមានការកកស្ទះនៅទីស្នាក់ការ ត្រួតពិនិត្យច្រកទ្វារព្រំដែន ដោយអាចធ្វើការបង្កើនចំនួនមន្ត្រីប្រថាប់ត្រាផ្តល់ទិដ្ឋាការចេញ ចូលឆ្លងដែន ឬអាចពិភាក្សាជាមួយភាគីថៃដើម្បីបន្ថែមម៉ោងចេញចូលឆ្លងដែនទៅតាម ស្ថានភាពជាក់ស្តែង។
ក្រសួង គូសបញ្ជាក់ថា «ត្រូវបង្ការ ទប់ស្កាត់ និងចាត់វិធានការចំពោះបុគ្គលណាដែលទាមទារកម្រៃសេវាក្រៅផ្លូវការ ពីប្រជាពលរដ្ឋខ្មែរនៅពេលឆ្លងដែន។ ត្រៀមរៀបចំកងកម្លាំងមានសមត្ថកិច្ចក្នុងការជួយអន្តរាគមន៍ និងជួយសម្របសម្រួលដល់ ការឆ្លងដែនរបស់ប្រជាពលរដ្ឋខ្មែរ ព្រមទាំងដាក់ចេញនូវវិធានការដោះស្រាយតាមករណី ជាក់ស្តែងចំពោះបញ្ហា ឬបាតុភាពដែលអាចកើតមានឡើងជាយថាហេតុ»៕
