ព័ត៌មានជាតិ

បទវិចារណកថា កុំយកអនាគតរបស់អ្នកទៅប្រថុយ ៖ សហរដ្ឋអាមេរិក ចាត់វិធានការបង្ក្រាប ការធ្វើអន្តោប្រវេសន៍ខុសច្បាប់

ដើម្បីធ្វើឱ្យសហរដ្ឋអាមេរិកមានសុវត្ថិភាព រឹងមាំ និងមានវិបុលភាព លោកប្រធានាធិបតី Trump ខិតខំធានាឱ្យបានថាច្បាប់អន្តោប្រវេសន៍របស់សហរដ្ឋអាមេរិកត្រូវបានអនុវត្តតាម។ 

ប្រសិនបើអ្នកព្យាយាមចូលសហរដ្ឋអាមេរិកដោយខុសច្បាប់ កុហកដើម្បីទទួលបានទិដ្ឋាការ ធ្វើការដោយគ្មានការអនុញ្ញាតតាមផ្លូវច្បាប់ ឬស្នាក់នៅលើសកាលកំណត់ក្នុងសហរដ្ឋអាមេរិក អ្នកនឹងទទួលការពិន័យធ្ងន់ធ្ងរ។ ការពិន័យនេះរួមមានការចាប់ឃុំខ្លួន ការនិរទេសចេញពីសហរដ្ឋអាមេរិក និងការហាមឃាត់ជាអចិន្ត្រៃយ៍ ក្នុងការទទួលបានទិដ្ឋាការចូលសហរដ្ឋអាមេរិក នៅអនាគត។

ស្ថានទូតសហរដ្ឋអាមេរិកនៅភ្នំពេញ បន្តធ្វើការយ៉ាងសកម្មជាមួយរដ្ឋាភិបាលកម្ពុជា ដើម្បីធានាឱ្យបានថាប្រជាជនកម្ពុជាដែលស្ថិតនៅសហរដ្ឋអាមេរិកដោយខុសច្បាប់ ត្រឡប់មកកម្ពុជាបានឆាប់តាមដែលអាចធ្វើទៅបាន។ យើងសូមអរគុណចំពោះចំណាត់ការរហ័ស និងប្រកបដោយប្រសិទ្ធិភាពរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងមហាផ្ទៃ និងដៃគូដទៃទៀតក្នុងរដ្ឋាភិបាលកម្ពុជា ដែលធ្វើការសហការជាមួយយើង ដើម្បីបញ្ឈប់ការធ្វើអន្តោប្រវេសន៍ដោយខុសច្បាប់ និងប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ។

ការក្លែងបន្លំទាក់ទងនឹងទិដ្ឋាការចូលសហរដ្ឋអាមេរិក មានផលវិបាកធ្ងន់ធ្ងរ

ដំណើរការសុំទិដ្ឋាការចូលសហរដ្ឋអាមេរិក គឺជាដំណើរការមួយដែលមានសុវត្ថិភាពបំផុត ក្នុងពិភពលោក។ ប៉ុន្តែយ៉ាង ណា ក៏ ដោយ បុគ្គលមួយចំនួននៅតែព្យាយាមគេចពីដំណើរការដែលមានសុវត្ថិភាពនេះ ដោយប្រើឯកសារក្លែងក្លាយ កុហកលើពាក្យស្នើសុំ ឬស្នាក់នៅលើសកាលកំណត់។ ទាំងនេះគឺជាឧទាហរណ៍នៃការក្លែងបន្លំទាក់ទងនឹងទិដ្ឋាការ និងការប្រើប្រាស់ទិដ្ឋាការមិនត្រឹមត្រូវហើយវាគឺជាបទល្មើសធ្ងន់ធ្ងរ។ ប្រសិនបើអ្នកល្មើសច្បាប់ដោយវិធីនេះ អ្នកនឹងត្រូវទទួលទោស ហើយអ្នកអាចមិនត្រូវបានអនុញ្ញាតឱ្យចូលសហរដ្ឋអាមេរិកម្តងទៀតទេ។

លោកប្រធានាធិបតី Trump បានបញ្ជាក់ច្បាស់ថា ៖ រដ្ឋបាលការគ្រប់គ្រងរបស់លោកនឹងអនុវត្តច្បាប់របស់សហរដ្ឋអាមេរិក។ បុគ្គលម្នាក់ៗ ត្រូវទទួលខុសត្រូវផ្ទាល់ ចំពោះភាពត្រឹមត្រូវនៃព័ត៌មានក្នុងពាក្យសុំទិដ្ឋាការរបស់ខ្លួន ទោះបីជាអ្នកបានសុំជំនួយពីសមាជិកគ្រួសារ ឬភ្នាក់ងារទិដ្ឋាការដើម្បីបំពេញពាក្យសុំរបស់អ្នកក៏ដោយ។ ប្រសិនបើអ្នកជាប្រជាជនកម្ពុជាដែលមានគម្រោងធ្វើដំណើរទៅសហរដ្ឋអាមេរិក សូមចងចាំថា វាជាកាតព្វកិច្ចរបស់អ្នកក្នុងការគោរពតាមលក្ខខណ្ឌនៃទិដ្ឋាការរបស់អ្នក។ វាជាការខុសច្បាប់ក្នុងការធ្វើការងារនៅសហរដ្ឋអាមេរិក ដោយគ្មានទិដ្ឋាការដែលសមស្រប និងការអនុញ្ញាតឱ្យធ្វើការងារដោយស្របច្បាប់។ ប្រសិនបើអ្នកធ្វើការងារដោយគ្មានការអនុញ្ញាតតាមច្បាប់ អ្នកនឹងត្រូវបាននិរទេសចេញពីសហរដ្ឋអាមេរិក។

លោកប្រធានាធិបតី Trump ទាមទារឱ្យបុគ្គលគ្រប់រូបទទួលខុសត្រូវ

រដ្ឋាភិបាលសហរដ្ឋអាមេរិក ក៏ចាត់វិធានការចំពោះបុគ្គលដែលជួយអ្នកដទៃចូលក្នុងសហរដ្ឋអាមេរិកដោយខុសច្បាប់ផងដែរ។ បុគ្គលទាំងនោះរួមមានជនប្រព្រឹត្តការរត់ពន្ធ ជនប្រព្រឹត្តការជួញដូរមនុស្ស និងមន្រ្តីរដ្ឋាភិបាលបរទេសដែលអនុញ្ញាតឱ្យមានការបន្តធ្វើអន្តោប្រវេសន៍ខុសច្បាប់។

ថ្មីៗនេះ លោក Marco Rubio រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក បានប្រកាសអំពីគោលនយោបាយថ្មីដែលរឹតត្បិតដំណើរការសុំទិដ្ឋាការ សម្រាប់មន្រ្តីរដ្ឋាភិបាលបរទេស  រួមទាំងមន្រ្តីអន្តោប្រវេសន៍ មន្រ្តីគយ និងបុគ្គលិកអាជ្ញាធរកំពង់ផែ ដែលបរាជ័យក្នុងការជួយបញ្ឈប់ការធ្វើអន្តោប្រវេសន៍ខុសច្បាប់។ គោលនយោបាយរឹតត្បិតថ្មីនេះ គឺផ្អែកលើកំហិតស្រដៀងគ្នានេះ លើអ្នកធ្វើការនៅក្នុងឧស្សាហកម្មដឹកជញ្ជូន និងទេសចរណ៍។ អ្នកដែលគំរាមកំហែងសន្តិសុខសហរដ្ឋអាមេរិក ដោយជួយសម្រួល ការធ្វើអន្តោប្រវេសន៍ខុសច្បាប់ មិនត្រូវបានស្វាគមន៍នៅក្នុងប្រទេសរបស់យើងទេ។

ជម្រើសគឺច្បាស់ណាស់– ត្រូវធ្វើតាមច្បាប់

ហានិភ័យនៃការព្យាយាមធើ្វអន្តោប្រវេសន៍ទៅសហរដ្ឋអាមេរិក ដោយខុសច្បាប់  មានទម្ងន់ធ្ងន់ជាងអត្ថប្រយោជន៍ដែលអាចទទួលបានឆ្ងាយណាស់។ អ្នកអាចក្លាយជាជនរងគ្រោះនៃឧក្រិដ្ឋជន ឬចុងក្រោយអ្វីដែលអ្នកទទួលបានគឺ មានកំណត់ត្រានៃការប្រព្រឹត្តខុសច្បាប់ ដែលអាចបំផ្លាញអនាគតរបស់អ្នក និងអនាគតគ្រួសាររបស់អ្នក។

ការចូលសហរដ្ឋអាមេរិកដោយខុសច្បាប់ មិនត្រឹមតែបំពានច្បាប់សហរដ្ឋអាមេរិកនោះទេ វាក៏ធើ្វឱ្យសុវត្ថិភាព និងសុខុមាលភាពរបស់អ្នកស្ថិតក្នុងភាពគ្រោះថ្នាក់ផងដែរ។ ការពិន័យគឺពិតជាធ្ងន់ធ្ងរ ៖ ការចាប់ឃុំខ្លួន ការបំបែកពីគ្រួសារ និងការហាមឃាត់ជាអចិន្ត្រៃយ៍មិនឱ្យចូលសហរដ្ឋអាមេរិកតទៅទៀត។

ប្រសិនបើអ្នកស្គាល់នរណាម្នាក់ដែលស្នាក់នៅសហរដ្ឋអាមេរិកដោយខុសច្បាប់ អ្វីដែលល្អបំផុតដែលអ្នកអាចធ្វើសម្រាប់ពួកគេគឺលើកទឹកចិត្តឱ្យពួកគេចាកចេញសហរដ្ឋអាមេរិកឥឡូវនេះ មុនពេលពួកគេត្រូវបានគេចាប់ខ្លួន។

ចំពោះបុគ្គលគ្រប់រូប សារដែលយើងចង់ផ្តល់ជូនគឺសាមញ្ញទេ ៖ ធ្វើការជ្រើសរើសឱ្យបានត្រឹមត្រូវ អនុវត្តតាមច្បាប់ និងកុំយកសុវត្ថិភាពរបស់អ្នក គ្រួសារអ្នក ឬអនាគតរបស់អ្នកទៅប្រថុយឱ្យសោះ ៕

បទវិចារណកថា: ដោយ លោកស្រី Bridgette Walker ភារធារីស្ថានទូតអាមេរិក 

To Top