ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានដាក់ជាសំណួរថា តើអាចការពារទឹកដីរបស់កម្ពុជា ដោយនាំគ្នាស្រែកតាម Facebook ពីក្រៅប្រទេសបានដែរ ឬយ៉ាងណា ប្រសិនបើគ្មានកងទ័ព ឬប្រជាជន រស់នៅការពារ តាមព្រំដែនដោយផ្ទាល់នោះ? ពិតជាមិនអាចទៅរួចទេ។
ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួន នៅភូមិភាគឦសាន» នាព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលចង់ឱ្យ «មនុស្ស» ទៅរស់នៅ, ប៉ុន្តែប្រជាជនដែលទៅនៅមិនអាចនៅយូរអង្វែង បានដោយសារគ្មាន «ចរន្តសេដ្ឋកិច្ច» ហើយនៅពេលដែលចង់ជំរុញឱ្យមាន «ចរន្តសេដ្ឋកិច្ច», វិនិយោគិន ក៏នឹងត្អូញថា លំបាកលើ «ភាពតភ្ជាប់» ទៅនឹងទីផ្សារជាដើម ដែលជាភាពប្រទាក់ក្រឡានៃទិដ្ឋភាពទាំង៣។ «ភាពតភ្ជាប់» គឺជាចំណោទនៃកត្តាភូមិសាស្ត្រដ៏លំបាកមួយ។
សម្តេចបវរធិបតី បន្ដថា ការគិតគូរពីការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត គឺជាការងារដែលធ្វើឡើងឥតដាច់បន្តពីមួយអាណត្តិ ទៅមួយអាណត្តិ ដោយប្រើប្រាស់គ្រប់មធ្យោបាយ និងធនធានទាំងថវិកាជាតិ ហិរញ្ញប្បទានគាំទ្រពីដៃគូអភិវឌ្ឍ និងការចូលរួមចំណែកពីប្រជាជន និងវិស័យឯកជន។
សម្តេចបវរធិបតី មានប្រសាសន៍ថា «នៅពេលដែលនិយាយពីការស្រឡាញ់ជាតិ ស្រឡាញ់ទឹកដី យើងត្រូវសួរដែរថា តើយើងការពារជាតិដូចម្តេច នៅពេលដែលយើងគ្មានទាំងផ្លូវទៅតំបន់ដែល នៅក្រោមដែនអធិបតេយ្យរបស់យើងផងនោះ? តើយើងអាចការពារទឹកដីរបស់យើង ដោយនាំគ្នា ស្រែកតាម Facebook ពីក្រៅប្រទេសបានដែរ ឬយ៉ាងណា ប្រសិនបើគ្មានកងទ័ព ឬប្រជាជន រស់ នៅការពារ តាមព្រំដែនដោយផ្ទាល់នោះ? ពិតជាមិនអាចទៅរួចទេ »។
សម្ដេច នាយករដ្ឋមន្ដ្រី បន្ថែមទៀតថា កិច្ចការការពារព្រំដែនដែល មានប្រសិទ្ធភាព និងចីរភាព មិនមែនត្រឹមផ្តោត លើការកសាងលេណដ្ឋានរឹងមាំនោះទេ ប៉ុន្តែគឺការជំរុញការកសាងខឿនការពារជាតិរបស់ប្រជាជន តាមរយៈការកសាង និងអភិវឌ្ឍន៍ តាមបណ្ដោយ ព្រំដែន ដោយរួមទាំងការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ដូចជា ផ្លូវក្រវ៉ាត់ព្រំដែន ដែលបង្កលក្ខណៈសម្រាប់ការរីកចម្រើននៅតំបន់នោះផងដែរ៕
