ភ្នំពេញ៖ ដោយសង្កេតឃើញអំពីការបំផុស ព័ត៌មានបំពុល របស់ជនមួយក្ដាប់តូច ជុំវិញជំងឺឆ្លងកូវីដ-១៩ នៅកម្ពុជា លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានបញ្ចេញជាទស្សនៈ បែបឌីដង ទៅកាន់ក្រុមប្រឆាំងថា ចង់បានអំណាច បែរជា បន់អោយខ្មែរស្លាប់! ស្នេហាជាតិ អីក៏ខុសគេអញ្ចឹង ?។
លោករដ្ឋមន្រ្តី បានសរសេរនៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ នេះថា “ពិចារណាលេងៗបន្តិច ! នៅពេលចាប់ផ្តើមផ្ទុះកូរ៉ូណាវីរុសថ្មី ពួកគាត់នាំគ្នាបំផុសឡើងពុល ពីមនុស្សដួលប្រកាច់ងាប់ តាមផ្លូវ រួចចោទថារាជរដ្ឋាភិបាល លាក់ចំនួនមនុស្សងាប់ ដែលគាត់ថាមានដល់ពាន់នាក់ ។ លុះក្រោយមក ដឹងថាពេទ្យខ្មែរ ធ្វើការជិតស្និទ្ធជាមួយ អង្គការសុខភាពពិភពលោក និង ពេទ្យសហរដ្ឋអាមេរិក (គោលការណ៍មួយ ក្នុងការទប់ស្កាត់ការរាលដាល រោគរាតត្បាត គឺជូនដំណឹងទាន់ពេល ដល់អង្គការដៃគូ) ហេតុនេះចោទថា រាជរដ្ឋាភិបាលលាក់តួលេខ ខ្លាចចៅហ្វាយខោកក្បាល ពេលនេះគាត់ដូររបៀប និយាយថ្មី គឺថារឿង កូវីដ១៩ ជារឿងប្រឌិត របស់ ហ៊ុន សែន តែប៉ុណ្ណោះ ហេតុនេះហើយបានជា គេមិនឃើញ ហ៊ុន សែន ពាក់ម៉ាស់សោះ ។ ហេតុនេះ សូមប្រជាជន កុំជឿរឿងកូវីដ១៩ ។ “
លោករដ្ឋមន្រ្តីគូសបញ្ជាក់ថា “អ្នកវិភាគខ្លី អាចចោទថាគាត់និយាយខ្នងដៃជាបាតដៃ ។ តើបើវិភាគអោយយូរ គឺយុទ្ធសាស្ត្រគាត់ ឥតប្រែប្តូរទេ ។ អ្វីដែលគាត់ចង់បាន គឺអោយប្រជាជនខ្មែរ ស្លាប់អោយច្រើន ដើម្បីបង្ហាញថា រដ្ឋាភិបាល ហ៊ុន សែន អត់សមត្ថភាព ។ ដល់អញ្ចឹង បានយើងស្រណោះ ! ហេតុតែចង់បានអំណាច បន់អោយខ្មែរស្លាប់ ? ស្នេហាជាតិ អីក៏ខុសគេអញ្ចឹង ?”៕
ដោយ បាន ធារ៉ូ