ព័ត៌មានអន្តរជាតិ

ប្រទេសចិនដាក់ពន្ធបន្ថែម ៥០% លើផលិតផលនាំចូលដែលផលិតនៅអាមេរិក

គណៈកម្មការបទប្បញ្ញត្តិពន្ធគយរបស់ក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានចេញសេចក្តីប្រកាសនៅថ្ងៃទី ៩ ខែមេសា ដោយបញ្ជាក់ថា ឆ្លងតាមការអនុម័តពីក្រុមប្រឹក្សាកិច្ចការរដ្ឋចិន ប្រទេសចិននឹងកែសម្រួលអត្រាពន្ធគយបន្ថែមដែលមានចែងក្នុង «សេចក្តីប្រកាសរបស់គណៈកម្មការបទប្បញ្ញត្តិពន្ធគយរបស់ក្រុមប្រឹក្សាកិច្ចការរដ្ឋចិនស្តីពីការដាក់ពន្ធគយបន្ថែមលើផលិតផលនាំចូលដែលផលិតនៅសហរដ្ឋអាមេរិក» (សេចក្តីប្រកាសលេខ ៤ ឆ្នាំ ២០២៥របស់គណៈកម្មការពន្ធគយ) ដោយដំឡើងពន្ធគយពី ៣៤% ដល់ ៨៤% ចាប់ពីវេលាម៉ោង ១២ និង ០១នាទី ថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០២៥ តទៅ។ ការផ្សេងទៀតត្រូវអនុវត្តស្របតាមសេចក្តីប្រកាសលេខ ៤ ឆ្នាំ ២០២៥របស់គណៈកម្មការបទប្បញ្ញត្តិពន្ធគយ។

សេចក្តីប្រកាសបានបញ្ជាក់ថា ការដំឡើងពន្ធគយរបស់អាមេរិកលើផលិតផលចិន គឺជាទង្វើដែលខុសហើយខុសទៀត ដែលបំពានយ៉ាងធ្ងន់ធ្ងរដល់សិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ចិន និងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រព័ន្ធពាណិជ្ជកម្មពហុភាគីដែលផ្អែកលើមូលដ្ឋានច្បាប់។

ប្រទេសចិនដាស់តឿនសហរដ្ឋអាមេរិកឱ្យកែតម្រូវកំហុសភ្លាមៗ ហើយលុបចោលរាល់វិធានការពន្ធគយប្រឆាំងនឹងប្រទេសចិនដោយឯកតោភាគី និងដោះស្រាយការខ្វែងគំនិតជាមួយចិនឱ្យបានសមរម្យតាមរយៈការសន្ទនាដោយស្មើភាព និងឈរលើមូលដ្ឋានដែលគោរពគ្នាទៅវិញទៅមក៕

To Top