ភ្នំពេញ ៖ ដើម្បីពន្លឿន ការសាងសង់ផ្លូវ៣៤ខ្សែ ក្នុងក្រុងព្រះសីហនុ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានជំរុញក្រុមហ៊ុន និងអង្គភាពកងវិស្វកម្ម បង្ហាញពីផលប៉ះពាល់ និងបញ្ហាប្រឈមនានា ក្នុងការដ្ឋានសាងសង់ ដើម្បីដោះស្រាយចំពោះមុខ ឲ្យបានទាន់ពេលវេលា ចៀសវាងការឆ្លើយដាក់គ្នា នាំឲ្យការស្ថាបនាផ្លូវមានភាពយឺតយ៉ាវ។ នេះបើយោងតាម ហ្វេសប៊ុករដ្ឋបាលខេត្តព្រះសីហនុ ។
ក្នុងកិច្ចប្រជុំត្រួតពិនិត្យ សកម្មភាពការងារ កសាងសង់ផ្លូវ៣៤ខ្សែ នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩ លោកអភិបាលខេត្តមានប្រសាសន៍ថា ផ្លូវទាំង៣៤ខ្សែ ដែលនឹងត្រូវបើកការដ្ឋាន សាងសង់នាពេលខាងមុខ ប្រព្រឹត្តទៅក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដូច្នេះក្រុមហ៊ុន និងអង្គភាពកងវិស្វកម្ម ត្រូវបង្ហាញពីផលប៉ះពាល់ និងប្រឈមនានា ក្នុងការដ្ឋានសាងសង់របស់ខ្លួន ដើម្បីផ្តល់មតិយោបល់ និងដោះស្រាយចំពោះមុខ បានទាន់ពេលវេលា។
លោកថា ត្រូវរួមគ្នាស្ថាបនាផ្លូវទាំង៣៤ខ្សែ ប្រកបដោយតម្លាភាព និងមានគុណភាព ធានាដល់ការប្រើប្រាស់យូរអង្វែង ដើម្បីប្រែក្លាយក្រុងព្រះសីហនុ ជាតំបន់ទេសចរណ៍ ប្រកបដោយភាពទាក់ទាញ សោភណ័ភាព បរិស្ថានល្អ នាពេលខាងមុខ ៕