បរទេស៖ ដោយសង្ឃឹមថានឹងជៀសវាង ការដាក់ទណ្ឌកម្មពន្ធរបស់សហរដ្ឋអាមេរិក ប្រទេសវៀតណាមបានត្រៀមលក្ខណៈដើម្បីបង្ក្រាបលើទំនិញរបស់ចិន ដែលត្រូវបានដឹកជញ្ជូនទៅកាន់សហរដ្ឋអាមេរិកតាមរយៈទឹកដីរបស់ខ្លួន ហើយនឹងរឹតបន្តឹងការគ្រប់គ្រងលើការនាំចេញដ៏រសើប ទៅកាន់ប្រទេសចិន , នេះបើយោងតាមអ្នកដែលដឹងពីបញ្ហានេះ និងឯកសាររដ្ឋាភិបាលដែលទទួលបាន ដោយសារព័ត៌មាន Reuters ។
យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ បានឱ្យដឹងថា ការផ្តល់ជូននេះ សេចក្តីលម្អិតដែលត្រូវបានរាយការណ៍ដោយ Reuters ជាលើកដំបូងបានកើតឡើងនៅពេលដែលមន្ត្រីជាន់ខ្ពស់របស់សហរដ្ឋអាមេរិក រួមទាំងទីប្រឹក្សាពាណិជ្ជកម្មសេតវិមានដ៏មានឥទ្ធិពលលោក Peter Navarro បានលើកឡើងពីការព្រួយបារម្ភអំពីទំនិញរបស់ចិនដែលត្រូវបានបញ្ជូនទៅអាមេរិកជាមួយនឹងស្លាក “ផលិតនៅវៀតណាម” ដែលទាញយកផលប្រយោជន៍តាមរយៈពន្ធទាប។
ប្រទេសវៀតណាមអស់រយៈពេលជាច្រើនសប្តាហ៍បានផ្តល់ការលើកទឹកចិត្តដែលសង្ឃឹមថានឹងបញ្ចុះបញ្ចូលរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក Donald Trump ឱ្យទទួលយកទស្សនៈដ៏ទន់ភ្លន់នៃអតិរេកពាណិជ្ជកម្មដ៏ធំរបស់ខ្លួនជាមួយអាមេរិក។ ផ្ទុយទៅវិញ វៀតណាមត្រូវបានវាយប្រហារដោយពន្ធ 46% ដែលជាផ្នែកមួយនៃ “ទិវារំដោះ” របស់លោក Trump ។ ខណៈពេលដែលពន្ធគយនេះត្រូវបានផ្អាកអស់រយៈពេល៩០ថ្ងៃ ប្រទេសទាំងពីរបានយល់ព្រមចាប់ផ្តើមការចរចាបន្ទាប់ពីឧបនាយករដ្ឋមន្ត្រីវៀតណាមបានជួបជាមួយតំណាងពាណិជ្ជកម្មអាមេរិកកាលពីថ្ងៃពុធ។
ក្នុងការប្រកាសពីការចាប់ផ្តើមកិច្ចចរចាពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍ រដ្ឋាភិបាលវៀតណាមបាននិយាយនៅលើវែបសាយផ្លូវការរបស់ខ្លួនថា វៀតណាមនឹងបង្ក្រាបលើ “ការក្លែងបន្លំពាណិជ្ជកម្ម” ។ យ៉ាងណាក៏ដោយ វៀតណាមមិនបានផ្តល់ភាពជាក់លាក់ទេ។ ចាប់តាំងពីអាណត្តិដំបូងរបស់លោក Trump ក្រុមហ៊ុនពហុជាតិជាច្រើនបានអនុវត្តគោលនយោបាយ “ចិនបូកមួយ” នៃការបង្កើតរោងចក្រនៅក្នុងប្រទេសវៀតណាម ដើម្បីកាត់បន្ថយការប៉ះពាល់ជាមួយទីក្រុងប៉េកាំង៕
ប្រែសម្រួលៈ ណៃ តុលា
