ជប៉ុន៖ នៅថ្ងៃអាទិត្យ ទី១៣ ខែមេសា ឆ្នាំ២០២៥ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការជាមួយ ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន ក្រុមការងារ ESEA សមាគមមិត្តយើង សមាគមកម្ពុជា-ជប៉ុន គិបូ និងសមាគមនិស្សិតខ្មែរនៅណាហ្គូយ៉ា រៀបចំកម្មវិធី “សង្រ្កាន្តខ្មែរនៅជប៉ុន” ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ នៅសួន Garden Pier ទីក្រុងណាហ្គូយ៉ា នៃខេត្តអាយឈិ ប្រទេសជប៉ុន ក្រោមសហអធិបតីភាព លោក ហាំង តុលា រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន ដោយមានការចូលរួមពីលោក Hirosawa Ichiro អភិបាលក្រុងណាហ្គូយ៉ាផងដែរ។



ទោះបីជានៅថ្ងៃអាទិត្យនេះមានភ្លៀងធ្លាក់យ៉ាងណាក៏ដោយ ក៏មិនអាចរារាំងដល់ស្មារតីស្រឡាញ់វប្បធម៌ខ្មែរ ការគាំទ្រ និងការចូលរួមយ៉ាងច្រើនកុះករពីសំណាក់បងប្អូនសហគមន៍ខ្មែរ និស្សិត កម្មសិក្សាការី ពលករ សរុបប្រមាណជិត ១០ ០០០នាក់ ក្នុងកម្មវិធីសង្ក្រាន្តខ្មែរនៅជប៉ុន នៅសួន Garden Pier ទីក្រុងណាហ្គូយ៉ា ក្រោមតំណក់ទឹកភ្លៀងផ្ទាល់។ កម្មវិធីនេះត្រូវបានរៀបចំឡើងជាមួយនឹងពិធីសាសនាសំខាន់ៗ ដូចជា បង្សុកូល រាប់បាត្រ ស្រង់ព្រះ ពូនភ្នំខ្សាច់ ប្រគេនចង្ហាន់ព្រះសង្ឃ ទៅតាមប្រពៃណីទំនៀមទម្លាប់ព្រះពុទ្ធសាសនារបស់ខ្មែរ កម្មវិធីដាក់បង្ហាញស្តង់ម្ហូបអាហារខ្មែរ ផលិតផលខ្មែរ ការលេងល្បែងប្រជាប្រិយដ៏សម្បូរបែបរបស់ខ្មែរដែលរួមមានបោះអង្គញ់ ចោលឈូង ទាញព្រ័ត្រ លាក់កន្សែង និងការបង្ហាញនូវផ្ទាំងទស្សនីយភាពរបាំជូនពរ របាំត្រុដិ និងការសម្តែងរនាថ ព្រមទាំងការប្រគុំតន្ត្រី និងរាំលេងកម្សាន្ត ដែលសម្តែងដោយតារាចម្រៀងនិងតារាសម្តែងល្បីៗជាច្រើនរូបមកពីប្រទេសកម្ពុជា។



ក្នុងឱកាសនោះដែរ លោក ហាំង តុលា រដ្ឋលេខាធិការ បានបង្ហាញនូវសេចក្តីសោមនស្សរីករាយដែលបានចូលរួមក្នុងកម្មវិធី “សង្រ្កាន្តខ្មែរនៅជប៉ុន” និងបានពាំនាំនូវសេចក្ដីនឹករលឹក ការផ្ដាំផ្ញើសួរសុខទុក្ខ និងសព្ទសាធុការពរ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរនេះ ពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាលោករដ្ឋមន្ត្រី ជូនចំពោះបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅក្នុងប្រទេសជប៉ុនទាំងអស់។ លោកបានបន្តថា នេះជាអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ដែលបានណែនាំឱ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរៀបចំកម្មវិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរឱ្យបានច្រើននៅប្រទេសដែលមានពលករខ្មែរធ្វើការ ដើម្បីផ្តល់ការយកចិត្តទុកដាក់ ភាពកក់ក្តៅ និងផ្តល់ឱកាសឱ្យប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅ សិក្សា និងធ្វើការនៅបរទេស អាចបានជួបជុំគ្នា កម្សាន្តសប្បាយ និងពង្រឹងទំនាក់ទំនងដោយមិនប្រកាន់និន្នាការអ្វីទាំងអស់។



សូមបញ្ជាក់ថា ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តែងតែសហការរៀបចំកម្មវិធីសង្ក្រាន្តចូលឆ្នាំប្រពៃណីខ្មែរ នៅតាមបណ្តាប្រទេសដែលមានបងប្អូនពលករខ្មែរធ្វើការ។ ដោយឡែកសម្រាប់ប្រទេសជប៉ុននៅឆ្នាំនេះ ដោយមានការសហការជាមួយស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន ក្រុមការងារ ESEA សមាគមមិត្តយើង និងសមាគមកម្ពុជា-ជប៉ុន គិបូ ក្រសួងបានគ្រោងរៀបចំកម្មវិធីសង្ក្រាន្តចូលឆ្នាំប្រពៃណីខ្មែរចំនួន ១០ទីតាំងផ្សេងគ្នានៅទូទាំងប្រទេសជប៉ុន ដើម្បីផ្តល់ភាពសប្បាយរីករាយដល់ពលរដ្ឋខ្មែរទាំងជាង៣ម៉ឺននាក់លើទឹកដីជប៉ុនអាចចូលរួមសប្បាយរីករាយ និងអបអសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិរបស់ខ្លួន ប៉ុន្តែកម្មវិធីសង្ក្រាន្ដខ្មែរនៅជប៉ុន នៅខេត្តណាហ្គូយ៉ានេះ គឺជាកម្មវិធីធំជាងគេ៕
