បរទេស៖ អាជ្ញាធរបាននិយាយថា បណ្តាញនេះបានបង្កើតប្រាក់ចំណេញរាប់សិបពាន់លានដុង និងពាក់ព័ន្ធដែលជាអ្នករកស៊ីផ្លូវភេទរាប់រយនាក់។ ប៉ូលីស Da Nang របស់វៀតណាម កំពុងបន្តការស៊ើបអង្កេតរបស់ពួកគេ។
យោងតាមសារព័ត៌មាន The Nation ចេញផ្សាយនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ បានឱ្យដឹងថា ប៉ូលីសភាគកណ្តាលទីក្រុង Da Nang បានរុះរើបនពេស្យាចារដែលដំណើរការតាមរយៈកម្មវិធីផ្ញើសារ Telegram ដែលមានសមាជិកជាង ១៤.៦០០ នាក់។
លោក Nguyen Truong Anh Tuan អាយុ ៤០ ឆ្នាំមកពីស្រុក Ngu Hanh Son ទីក្រុង Da Nang ត្រូវបានគេកំណត់អត្តសញ្ញាណថា ជាអ្នកនៅពីក្រោយប្រតិបត្តិការនេះ ហើយក៏ត្រូវបានចាប់ខ្លួនផងដែរកាលពីថ្ងៃចន្ទ។ គាត់បានសារភាពថា បានដំណើរការបនពេស្យាចារដែលផ្តោតលើក្រុម Telegram ដែលមានឈ្មោះថា ‘Lan Que Phuong’ ដែលសកម្មតាំងពីឆ្នាំ ២០២២ ជាមួយនឹងសមាជិកជាង ១៤.៦០០ នាក់។
គាត់បានជ្រើសរើសនារីបម្រើផ្លូវភេទប្រហែល ៣០០ នាក់ ចូលក្នុងបណ្តាញ ដោយមានប្រតិបត្តិការចាប់ពី ៥០ ម៉ឺនដុង (២០ ដុល្លារ) ដល់ ៥ លានដុង (២០០ ដុល្លារ) ក្នុងមួយម្តង។ ប៉ូលិសបាននិយាយថា គាត់បានប្រមូលកម្រៃប្រចាំខែពីស្ត្រីរកស៊ីផ្លូវភេទចាប់ពី ៥០ ម៉ឺនដុង ដល់ ២ លានដុង។
ចាប់តាំងពីឆ្នាំ ២០២២ ក្រុមនេះបានសម្របសម្រួលប្រតិបត្តិការ ដែលមានតម្លៃរាប់សិបពាន់លានដុង ដោយលោក Tuan ត្រូវបានគេចោទប្រកាន់ថា រកបានរាប់ពាន់លានពីសកម្មភាពខុសច្បាប់នេះ៕
ប្រែសម្រួលៈ ណៃ តុលា
