ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានលើកឡើងថា ទស្សនកិច្ចរបស់លោក ស៊ី ជីនពីង ប្រធានាធិបតីចិន នៅកម្ពុជានា ពេលនេះ ពិតជាមានអត្ថន័យដ៏ធំធេងណាស់ ពិសេសនៅពេលពិភពលោក កំពុងស្ថិតក្នុងស្ថានភាពមួយ ដែលកំពុងឈាន ទៅរកសង្គ្រាមពាណិជ្ជកម្មបណ្ដើរៗ។
ការលើកឡើង សម្ដេចតេជោ ហ៊ុន សែន នាឱកាសអញ្ជើញទទួលជួបពិភាក្សាការងារជាមួយលោក ស៊ី ជីនពីង ប្រធានាធិបតីចិន នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ នៅវិមានសន្ដិភាព ក្នុងឱកាស លោក ប្រធានាធិបតី អញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅកម្ពុជា រយៈពេល ២ថ្ងៃ។
យោងតាមលោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹងនៅក្រោយជំនួបថា នៅក្នុងកិច្ចពិភាក្សានោះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការស្វាគមន៍ក្នុងនាមសម្ដេចផ្ទាល់ និងប្រជាជនកម្ពុជា សូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោកប្រធានាធិបតីចិន បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជាលើកទី២ ដែលលើកទី១កាលពីឆ្នាំ២០១៦។ សម្ដេចតេជោ បានចាត់ទុកលោក ស៊ី ជីនពីង ជាភ្ញៀវពិសេសរបស់កម្ពុជានៅក្នុងឆ្នាំ ២០២៥នេះ ហើយការទទួលបដិសណ្ឋារកិច្ចស្វាគមន៍ លោក ក៏មានលក្ខណៈពិសេសផងដែរ។
សម្ដេចតេជោ បានមានប្រសាសន៍ទៀតថា «ទស្សនកិច្ច របស់ឯកឧត្តម ស៊ី ជីនពីង នៅពេលនេះ ពិតជាមានអត្ថន័យ ដ៏ធំធេងណាស់ ជាពិសេសនៅពេលដែលពិភពលោកកំពុងស្ថិតក្នុងស្ថានភាពមួយ ដែលកំពុងឈានទៅរកសង្គ្រាមពាណិជ្ជកម្មបណ្ដើរៗ»។

សម្ដេចតេជោ បានមានប្រសាសន៍ទៀតថា វត្តមានដ៏ខ្ពង់ខ្ពស់របស់ លោក ប្រធានាធិបតី នាពេលនេះ បានបង្ហាញពីចំណងមិត្តភាពជាប្រពៃណី ដ៏រឹងមាំ ពង្រឹងមិត្តភាពដែកថែប លើកកម្ពស់ទំនាក់ទំនងរវាងស្ថាប័នរដ្ឋ និងរដ្ឋ រវាងបក្ស និងបក្ស ឲ្យកាន់តែជិតស្និទ្ធមួយកម្រិតថែមទៀត។ ជាងនេះទៅទៀត សម្ដេចតេជោ បានមានប្រសាសន៍ថា ឆ្នាំ២០២៥ នេះគឺជាខួបទី១៥ឆ្នាំ នៃការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។ សម្ដេច បានចាត់ទុក លោក ស៊ី ជីនពីង ថា ជាមិត្តចាស់ មិត្តធំបំផុត ជាទីទុកចិត្តបំផុតរបស់កម្ពុជា និងជាអ្នកគាំទ្រដ៏រឹងមាំរបស់កម្ពុជា និងរបស់គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច៤៦ឆ្នាំកន្លងមកនេះ។

ក្នុងឱកាសនោះ លោក ស៊ី ជីនពីង បានបង្ហាញ នូវក្តីរីករាយនៅពេលដែល លោក បានត្រឡប់មកកាន់ ប្រទេសកម្ពុជា សារជាថ្មីម្ដងទៀត ដែលជាមិត្តចាស់របស់ឯកឧត្តម ជាពិសេសឯកឧត្តមបានចាត់ទុកសម្ដេចតេជោជាមិត្តចាស់ បន្ទាប់ពីឯកឧត្តមបានជួបសម្ដេចតេជោកាលពី៤ខែមុន នៅប្រទេសចិន តែពេលនេះ ឯកឧត្តមបានមកជួប សម្ដេចតេជោផ្ទាល់នៅប្រទេសកម្ពុជា។

លោកបានសម្ដែងនៅក្តីរីករាយ ជាពិសេសរំភើប ចំពោះការបដិសណ្ឋារកិច្ចស្វាគមន៍ចំពោះលោក ពីសំណាក់ រាជរដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជាចំពោះវត្តមាន លោក នៅកម្ពុជានៅពេលនេះ។ លោក ពិតជារំភើប ហើយការស្វាគមន៍ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជានៅពេលនេះ បង្ហាញអំពីមិត្តភាពដ៏រឹងមាំ មិត្តភាពដែកថែប រវាងប្រទេសទាំងពីរ ដែលនឹងធ្វើឱ្យមិត្តភាពនេះ កាន់តែរីកចម្រើនល្អប្រសើរបន្ថែមទៀត៕
