ព័ត៌មានជាតិ

កម្ពុជា-ចិន អះអាងគាំទ្រ គ្នាយ៉ាងមុះមុត ចំពោះផលប្រយោជន៍ ស្នូល របស់គ្នាទៅវិញទៅមក

ភ្នំពេញ៖ កម្ពុជា និងចិន បានអះអាងជាថ្មី នូវការគាំទ្រគ្នាយ៉ាងមុះមុត ចំពោះផលប្រយោជន៍ស្នូលរបស់គ្នា ទៅវិញទៅមកខណៈដែលកម្ពុជា ប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ ចំពោះគោលនយោបាយចិនមួយ ។

យោងតាមលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ លោក ស៊ី ជីនពីង ប្រធានាធិបតីចិន នៅកម្ពុជា ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ របស់ក្រសួងការបរទេសខ្មែរ​ បានគូសបញ្ជាក់ថា ចំពោះកិច្ចសហប្រតិបត្តិការ នយោបាយ ភាគីទាំងពីរបានទទួលស្គាល់ពីសារៈសំខាន់យ៉ាងខ្លាំង នៃការផ្លាស់ប្តូរទស្សនកិច្ច គ្រប់កម្រិត ក្នុងការថែរក្សាទំនាក់ទំនង មិត្តភាពប្រពៃណីយូរអង្វែង និងការជឿទុកចិត្តគ្នាជាយុទ្ធសាស្ត្រ។

ភាគីទាំងពីរ បានបង្ហាញពីបំណងរួម ក្នុងការលើកកម្ពស់ ការផ្លាស់ប្តូរជំរុញកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការ គ្រប់ស្ថាប័នពាក់ព័ន្ធ នៃប្រទេសទាំងពីរ រួមទាំងរវាងក្រសួង ការបរទេស និងក្រសួងការពារជាតិផងដែរ។

ភាគីទាំងពីរបានកោតសរសើរ អំពីកិច្ចខិតខំប្រឹងប្រែងរួមគ្នា នាពេលបច្ចុប្បន្ន ក្នុងការជំរុញទំនាក់ទំនងយ៉ាងស្អិតរមួត និងការពង្រីកកិច្ចសហប្រតិបត្តិការ ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមកលើគ្រប់វិស័យ។

ភាគីទាំងពីរ បានអះអាងជាថ្មីនូវការគាំទ្រគ្នាយ៉ាងមុះមុត ចំពោះផលប្រយោជន៍ស្នូលរបស់គ្នា ទៅវិញទៅមក។ ភាគីកម្ពុជា បានបញ្ជាក់ជាថ្មី ពីការប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ចំពោះគោលនយោបាយ ចិនមួយ និងចាត់ទុកថា តៃវ៉ាន់ជាផ្នែកមួយមិនអាចកាត់ផ្តាច់បានពីទឹកដីចិន។

កម្ពុជា ប្រឆាំងចំពោះការប៉ុនប៉ងជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ចិន ដោយចាត់ទុកថា បញ្ហាស៊ីនជាំង ស៊ីចាង ហុងកុង និងតៃវ៉ាន់ គឺជាបញ្ហាផ្ទៃក្នុងរបស់ចិនសុទ្ធសាធ៕

To Top