បរទេស៖ ក្រសួងការបរទេសអូម៉ង់ បានអះអាងថា ខ្លួននឹងបន្តសម្របសម្រួល កិច្ចចរចានុយក្លេអ៊ែរ ជុំទីពីររវាងមន្ត្រីអាមេរិកនិងអ៊ីរ៉ង់ ដែលគ្រោងនឹងធ្វើឡើងនៅទីក្រុងរ៉ូម នៅថ្ងៃសៅរ៍ស្អែកនេះ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងបានឲ្យដឹងថា រដ្ឋធានីរបស់ប្រទេសអ៊ីតាលី ត្រូវបានជ្រើសរើសជាកន្លែងថ្មី សម្រាប់កិច្ចពិភាក្សានេះ ដោយសារ តែហេតុផលដឹកជញ្ជូន ដោយបង្ហាញក្តីសង្ឃឹមថា ការពិភាក្សាអាចធ្វើ ឱ្យមានការវិវឌ្ឍបន្ថែមទៀតឆ្ពោះទៅរកការសម្រេច បាននូវកិច្ចព្រមព្រៀងដ៏ត្រឹមត្រូវ ជាប់ពាក់ព័ន្ធ និងនិរន្តរភាព។
អូម៉ង់ ក៏បានសម្តែង ការកោតសរសើរ ចំពោះរដ្ឋាភិបាលអ៊ីតាលី ចំពោះកិច្ចសហប្រតិបត្តិការ និងការគាំទ្រ របស់ខ្លួនក្នុងការធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំនាពេលខាងមុខ នេះបើយោងតាមការ ចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។
ជាមួយនឹងការសម្រុះសម្រួលរបស់អូម៉ង់ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Seyed Abbas Araghchi បានចូលរួមនៅក្នុងជុំទីមួយ នៃកិច្ចពិភាក្សា “ដោយប្រយោល” ជាមួយបេសកជនពិសេស របស់សហរដ្ឋអាមេរិក ប្រចាំនៅមជ្ឈិមបូព៌ាលោក Steve Witkoff នៅទីក្រុង Muscat កាលពីថ្ងៃទី១២ ខែមេសា ដោយផ្តោតលើកម្មវិធី នុយក្លេអ៊ែររបស់អ៊ីរ៉ង់ និងការដកទណ្ឌកម្ម របស់សហរដ្ឋអាមេរិក ដែលមានសក្តានុពល៕
ប្រែសម្រួល ឈូក បូរ៉ា
