ភ្នំពេញ ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញបានចេញសេចក្ដីបំភ្លឺ ជូនសាធារណជនជុំវិញ ការផ្សព្វផ្សាយតាមបណ្តាញសង្គម គឺមានពីរនាក់ប្តីប្រពន្ធ បានលោតទឹកសម្លាប់ខ្លួន ពីលើស្ពានជ្រោយចង្វារ ត្រូវបានទូកអ្នកនេសាទសង្រ្គោះ ដោយតូចចិត្តជាមួយមួយមន្រ្តី បុស្តិ៍នគរបាលរដ្ឋបាលស្រះចក នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ មិនទទួលពាក្យបណ្តឹង ករណីពួកមិត្តភក្តិចាប់រំលោភប្រពន្ធខ្លួន។
ជុំវិញករណីនេះនៅថ្ងៃទី ១៦ខែមេសាឆ្នាំ២០២៥ វេលាម៉ោង ១៥និង០០នាទី មានស្រ្តីពីរនាក់ និង ប្រុសម្នាក់ សរុបបីនាក់ មកប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចកដោយក្នុងចំណោមបីនាក់នោះមានស្រ្តីម្នាក់ជាជនរងគ្រោះឈ្មោះ ស៊ីម ចិរិយា មករាយការណ៍ថាមានករណីចាប់រំលោ.ភមកលើខ្លួន កាលថ្ងៃទី១៥ខែមេសាឆ្នាំ២០២៥ នៅចំណុចភូមិ១៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ នៅពេលនោះបានមកជួប មន្រ្តីប៉ុស្តិ៍ពីរនាក់ហើយក៏បាន សួរនាំរឿងហេតុការណ៍ ជុំវិញអំពីបញ្ហាករណីរំលោភនេះ។ ក្រោយពីសមត្ថកិច្ចសួរនាំបានបន្តិចមក តែត្រូវជនរងគ្រោះ (ឈ្មោះ ស៊ីម ចរិយា ) ក៏បានប្រាប់សមត្ថកិច្ចវិញថាឈប់ដាក់ពាក្យបណ្ដឹងទៀតហើយ ហើយក៏ក្រោកដើរចេញទៅក្រៅប៉ុស្តិ៍នគរបាលរដ្ឋបាល ខណៈនោះសមត្ថកិច្ចក៏តាមហៅស្រ្តីរងគ្រោះមានឈ្មោះខាងលើមកវិញដើម្បីសរសេរក្នុងពាក្យបណ្ដឹងបន្ដ តែត្រូវស្រ្តីខាងលើពុំព្រម ក្នុងពេលនោះដែរឈ្មោះ រុន ស្រីនាង និង ឈ្មោះ ឈួន សង្ហា ដែលជាបងប្អូនជីដូនមួយ ដែលនាំស្រ្តីរងគ្រោះមកដាក់ពាក្យបណ្តឹង ក៏ដើរតាមហៅដែរតែស្រ្តីរងគ្រោះនោះមិនព្រមក៏ដើរគេចបាត់ទៅ ទើបតែថ្ងៃទី ១៨ខែមេដា២០២៥ សមត្ថកិច្ចទទួល បានពីសារព័តមាន ផ្សព្វផ្សាយតាមបណ្តាញសង្គមថា មានករណីលោតទឹក ពីលើស្ពាន ជ្រោយចង្វារដោយសារខឹង សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក មិនព្រមទទួលពាក្យបណ្តឹង រកយុត្តិជូនប្រពន្ធគាត់ដែល ត្រូវមិត្តភក្តិចាប់រំលោភ ។បន្ទាប់ពីឃើញការផ្សព្វផ្សាយនោះហើយ សមត្ថកិច្ចបានតាមស្វែង រកពីរនាក់ប្តីប្រពន្ធនោះដើម្បីសួរនាំតែរកមិនឃើញនោះទេដោយសារពួកគាត់រស់នៅគ្មានទីលំនៅពិតប្រាកដ។ទោះបីយ៉ាងណាក៍ដោយក្រោយសមត្ថកិច្ច បានទទួលព័ត៌មានតាមការផ្សព្វផ្សាយរបស់សារព័ត៌មាន បច្ចុប្បន្នកម្លាំងប៉ុស្តិ៍និងជំនាញ នៃអធិការដ្ឋាននគរបាល ខណ្ឌដូនពេញ កំពុងស្រាវជ្រាវ តាមស្វែង រកឃាត់ខ្លួនជនសង្ស័យដើម្បីសួរនាំ និងក៍កំពុងព្យាយាម ស្វែងរកស្រ្តី រងគ្រោះមកដាក់ពាក្យបណ្តឹង ដើម្បីឲ្យសមត្ថកិច្ចអនុវត្តតាមនីតិវិធី ៕
(រូបភាពបំភ្លឺរបស់ឈ្មោះ រុន ស្រីនាង ភេទស្រី និង ឈ្មោះ ឈួន សង្ហា ភេទប្រុស ដែលត្រូវជាបងប្អូនជីដូន មួយស្រ្តីរងគ្រោះនៅពេលនាំស្រ្តី រងគ្រោះមកដាក់ពាក្យប្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក)

