ភ្នំពេញ៖ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ កន្លងទៅនេះ មានបងប្អូនប្រជាពលរដ្ឋជាង ៨ម៉ឺន៦ពាន់នាក់ បានធ្វើដំណើរតាមរថយន្តក្រុង របស់រដ្ឋបាល រាជធានីភ្នំពេញ ដោយឥតគិតថ្លៃ ទៅលេងស្រុកកំណើត ពោលគឺបានកើន ឡើងប្រមាណ ២១% បើប្រៀបធៀបជាមួយនឹងបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២៤កន្លងមក។

លោកស្រីដោ សម្ផស្ស អ្នកនាំពាក្យសាលារាជធានីភ្នំពេញបានឱ្យដឹងនៅព្រឹកថ្ងៃទី១៩ មេសានេះថា ក្នុងរយៈពេល ៦ថ្ងៃ (១២-១៧ មេសា ២០២៥) មានប្រជាពលរដ្ឋជាង ៨ម៉ឺន៦ពាន់នាក់ បានធ្វើដំណើរ តាមរថយន្តក្រុង របស់រដ្ឋបាល រាជធានីភ្នំពេញ ដោយឥតគិតថ្លៃ ដើម្បីទៅលេងស្រុកកំណើត និងដំណើរកម្សាន្ត ក្នុងឱកាសបុណ្យ ចូលឆ្នាំប្រពៃណីជាតិ។

លោកស្រីបន្តថា តួលេខនេះ បើប្រៀបធៀប ជាមួយនឹងបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២៤កន្លងមក គឺមានការកើនឡើងប្រមាណ ២១%។

លោកស្រីដោ សម្ផស្ស ក៏បានបញ្ចាក់ថា ក្នុងចំណោមទាំង២៤ខេត្ត អ្នកធ្វើដំណើរតាមរថយន្តក្រុង របស់រដ្ឋបាល រាជធានីភ្នំពេញ ដោយឥតគិតថ្លៃ ទៅលេងស្រុកកំណើតនេះ គឺខេត្តសៀមរាប ទទួលបានចំណាត់ ថ្នាក់លេ១ ដោយមានចំនួន អ្នកជិះរហូត ដល់ជាង២ម៉ឺននាក់ ខេត្តបាត់តំបងលេខ២ មានចំនួនអ្នកជិះជាង ១ម៉ឺន៣ពាន់នាក់ និងខេត្តបន្ទាយមានជ័យ ទទួលបានចំណាត់ថ្នាក់លេខ៣ ដោយមានចំនួនអ្នកជិះជាង ១ម៉ឺន២ពាន់នាក់។

គួរបញ្ជាក់ថា សម្រាប់បុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំថ្មីប្រពៃណីជាតិឆ្នាំ២០២៥នេះ ដោយអនុវត្តតាមអនុសាសន៍ ដ៏ខ្ពង់ខ្ពស់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំរថយន្តក្រុងចំនួន ៥៩៧គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈ ដោយមិនបង់ប្រាក់ រយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ ដើម្បីជួយសម្រួល ដល់ការចំណាយរបស់ ប្រជាពលរដ្ឋទាំងអស់ ក្នុងការធ្វើដំណើរទៅ លេងស្រុកកំណើត ជួបជុំបងប្អូនក្រុមគ្រួសារ និងទៅកម្សាន្តសប្បាយ សង្ក្រាន្តឆ្នាំថ្មី នៅតាមបណ្តាខេត្តនានា៕



