ភ្នំពេញ៖ នាយឧត្ដមសេនីយ៍ ទៀ វិញ រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងលោកស្រី កាន់ ចន្រ្ទា ទៀ វិញ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីកាត់ខ្សែបូរ និងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវឈាបនដ្ឋាន និងសាលាបុណ្យស្ថិតនៅ វត្តគីរីសាគរ(ហៅវត្តចម្លងគោ) ដែលស្ថិតនៅ ភូមិចម្លងគោ ឃុំថ្មសរ ស្រុកបុទុំសាគរ ខេត្តកោះកុង។
ថ្លែងនៅក្នុងពិធីនោះ នាយឧត្ដមសេនីយ៍ ទៀ វិញ បានលើកឡើងអំពីការយកចិត្តទុក្ខដាក់ពីសំណាក់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ចំពោះប្រជាជន និងលើកកម្ពស់នូវព្រះពុទ្ធសាសនាតាមរយៈការសាងសង់នូវសមិទ្ធផលនានានៅក្នុងវត្តអារាម ជាក់ស្តែងដូចការេសម្ពោធដាក់ឲ្យប្រើប្រាស់នូវសមិទ្ធក្នុងវត្តគីរីសាគរយ៉ាងដូច្នេះ ដែរ។
នាយឧត្តមសេនីយ៍ ទៀ វិញ បានលើកឡើងទៀតថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលបច្ចុប្បន្ន បានធ្វើឲ្យប្រទេសជាតិ មានសុខសន្តិភាព មានស្ថេរភាព និងរីកចំរើនគ្រប់វិស័យទាំងពុទ្ធចក្រ និងអាណាចក្រ ហើយមិនតែប៉ុណ្ណោះរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា នឹងខិតខំគ្រប់មធ្យោបាយទាំងអស់ដើម្បីលើកកម្ពស់នូវជីវភាពប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។
ជាមួយគ្នានោះដែរនាយឧត្តមសេនីយ៍ ទៀ វិញ ក៏ផ្ដាំផ្ញើរថា ការកសាងឈាបនដ្ឋាន និងសាលាបុណ្យនេះឡើងមិនមែនសំរាប់បុគ្គល់ណាមួយឡើយ គឺសំរាប់ពុបរិស័កជើងវត្ត ទាំងអស់គ្នាប្រើប្រាស់រួមគ្នា និងចេះជួយថែរក្សាអោយបានល្អ ដូចជារបស់ខ្លួនឯង។ នាយឧត្ដមសេនីយ៍ ទៀ វិញ និងលោកស្រី ក៏បានពាំនាំនូវអំណោយរបស់ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា និងលោកជំទាវ ពេជ្រ ចាន់មុន្នី រួមមានខោអាវ ថវិកាចំនួន២០០០០រៀល សំរាប់យាយជីតាជីចំនួន៣៥នាក់ ក្នុងម្នាក់ៗទទួលបានថវិកា២០០០០រៀល(ពីរម៉ឺនរៀល) និងខោអាវមួយកំប្លេរផងដែរ៕







