ហ្គាហ្សា៖ ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល នៅទូទាំងតំបន់ហ្គាហ្សាស្ទ្រីប កាលពីថ្ងៃសុក្រ បានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងតិច ៤៥នាក់ និងរាប់សិបនាក់ផ្សេងទៀតរងរបួស នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារការពារជនស៊ីវិល នៅក្នុងតំបន់ហ្គាហ្សា។
លោក Mahmoud Basal អ្នកនាំពាក្យការពារជនស៊ីវិល បានឲ្យដឹងថា នៅទីក្រុងខាន់យូនីស ភាគខាងត្បូងតំបន់ហ្គាហ្សា មនុស្ស ១០នាក់ ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល សំដៅលើផ្ទះលំនៅដ្ឋានមួយ ដែលជាកម្មសិទ្ធិរបស់គ្រួសារ Baraka ខណៈមនុស្ស ៦នាក់ផ្សេងទៀត រួមទាំងកុមារ ២នាក់ និងស្រ្តីម្នាក់បានស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសទៅលើហាងកាត់សក់មួយកន្លែង។
លោកបានបន្ថែមថា “ការវាយប្រហារជាច្រើនផ្សេងទៀតនៅក្នុងទីក្រុងចាន់យូនីស ត្រូវបានគេរាយការណ៍ថាបានសម្លាប់មនុស្ស ៨នាក់ទៀត ខណៈដែលពីរនាក់ផ្សេងទៀតត្រូវបានសម្លាប់នៅក្នុងទីក្រុងរ៉ាហ្វា ភាគខាងត្បូង” ។
លោក Basal បានលើកឡើងថា នៅភាគខាងជើង មនុស្សយ៉ាងតិច ១៣នាក់បានស្លាប់ និងជាច្រើននាក់ទៀតបានរងរបួស នៅពេលដែលការវាយប្រហារមួយបានវាយប្រហារផ្ទះរបស់គ្រួសារ Maqdad នៅក្នុងតំបន់ Tal al-Zaatar ដោយលោក Basal បានបន្ដថា មនុស្ស ៦នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសទៅលើតង់ចំនួនពីរនៅក្នុងទីក្រុងហ្គាហ្សា។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការពារជនស៊ីវិលបានព្រមានថា ប្រតិបត្តិការសង្គ្រោះបន្ទាន់របស់ខ្លួនអាចនឹងបញ្ឈប់ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ដោយសារកង្វះខាតប្រេងឥន្ធនៈ ដែលវាត្រូវបានសន្មតថាជាការរឹតបន្តឹងរបស់អ៊ីស្រាអែលជាបន្តបន្ទាប់លើការផ្តល់ជំនួយ និងប្រេងឥន្ធនៈ៕
ប្រែសម្រួល ឈូក បូរ៉ា
