ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងថ្នាក់ដឹកនាំខេត្តកំពង់ចាម ដឹកនាំមន្ត្រីបច្ចេកទេស ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ទប់ស្កាត់ការបាក់ច្រាំងទន្លេ

កំពង់ចាម៖ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥ បានដឹកនាំ មន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម បានអញ្ជើញចុះពិនិត្យវឌ្ឍនភាព ការងារសាងសង់ច្រាំងទន្លេមេគង្គ ដោយប្រើប្រាស់បាវ Geotextile ដើម្បីទប់ស្កាត់ការបាក់ច្រាំងទន្លេ ស្ថិតក្នុងឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។

តាមមន្ត្រីបច្ចេកទេស នៃមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម បានឲ្យដឹងថា ការងារសាងសង់ច្រាំងទន្លេបានចាប់ផ្តើមអនុវត្ត ពីថ្ងៃទី២៩ ខែមិនា ឆ្នាំ២០២៥ គិតត្រឹមថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ ។ រហូតមកដល់ពេលនេះ គម្រោងខាងលើ សម្រេចការងារសាងសង់បានប្រមាណ ៤០% ស្មើនឹងប្រវៃង ៤៣០ម៉ែត្រ/៥០០ម៉ែត្រ ដោយប្រើបាវច្រកខ្សាច់ចំនួន ៩៧១បាវ និងទូកបូមខ្សាច់ចំនួន ១៦២ទូក , ចាក់ដីបំពេញចំនួន ២៥០ឡាន (៥ម៉ែត្រគូប/ឡាន) និងការងាររៀបបាវខ្សាច់ ៣ជាន់ បានប្រវែង ៤៣០ម៉ែត្រ រៀបបាវ ៤ជាន់ប្រវែង ១០០ម៉ែត្រ និងរៀបបាវ ៥ជាន់ ប្រវែង ៥០ម៉ែត្រ ។

ក្នុងឱកាសនោះដែរ លោករដ្ឋមន្ត្រី និងលោកអភិបាលខេត្ត បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះវឌ្ឍនភាពការងារដែលសម្រេចបាន ព្រមទាំងបានណែនាំដល់ក្រុមការងារបច្ចេកទេស ឲ្យបន្តពង្រឹងលើគុណភាព និងជំរុញការអនុវត្តការងារឱ្យសម្រេចបានតាមផែនការ ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងឆ្លើយតបតាមផែនការ ដើម្បី កាត់បន្ថយការបាក់ច្រាំងទន្លេ នៅភូមិសាស្រ្តខាងលើ ឱ្យបានជាអតិបរមា ៕

To Top