ព័ត៌មានអន្តរជាតិ

ចិន ប្រឆាំង​ដាច់ខាត​វិធានការ ​របស់​អាមេរិក ​ដែល​កំណត់​គោលដៅ ​លើ​ដែនសមុទ្រ ភស្តុភារ និងវិស័យ​សាងសង់ ​កប៉ាល់របស់ខ្លួន

xinhua

ប៉េកាំង ៖ ប្រទេសចិន បានសម្តែងការប្រឆាំងយ៉ាងខ្លាំង ចំពោះវិធានការរបស់សហរដ្ឋអាមេរិក បន្ទាប់ពីការស៊ើបអង្កេតរបស់ខ្លួនលើវិស័យដែនសមុទ្រ ភស្តុភារ និងការសាងសង់កប៉ាល់ របស់ប្រទេសចិន ។

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន បានឲ្យដឹងថា ប្រទេសចិនបានអះអាងម្តងហើយម្តងទៀត នូវទស្សនៈរបស់ខ្លួនលើការស៊ើបអង្កេតផ្នែកទី៣០១ និងបង្ហាញអំពីជំហររបស់ខ្លួន ដោយជំរុញឱ្យសហរដ្ឋអាមេរិក ឈប់ស្ដីបន្ទោសប្រទេសចិន ចំពោះបញ្ហាឧស្សាហកម្ម ក្នុងស្រុករបស់ខ្លួន នេះបើតាមអ្នកនាំពាក្យ របស់ក្រសួងពាណិជ្ជកម្មចិន ។

អ្នកនាំពាក្យរូបនេះ បានសង្កត់ធ្ងន់ថា ជាទង្វើធម្មតានៃលទ្ធិឯកតោភាគី និងគាំពារនិយម វិធានការនេះប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សិទ្ធិ និងផលប្រយោជន៍ ស្របច្បាប់របស់សហគ្រាសចិន រំខានយ៉ាងធ្ងន់ធ្ងរដល់ស្ថិរភាព នៃខ្សែសង្វាក់ផ្គត់ផ្គង់ និងឧស្សាហកម្មសកល បំពានលើច្បាប់របស់ WTO យ៉ាងដាច់អហង្ការ និងធ្វើឱ្យប៉ះពាល់ដល់មូលដ្ឋាន នៃប្រព័ន្ធពាណិជ្ជកម្មពហុភាគី ដែលមានមូលដ្ឋានលើច្បាប់ និងសណ្តាប់ធ្នាប់សេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរជាតិ។

អ្នកនាំពាក្យបានបនកថែមថា ប្រទេសចិន បានជំរុញឱ្យសហរដ្ឋអាមេរិកគោរពការពិត និងច្បាប់ពហុភាគី និងបញ្ឈប់ការប្រព្រឹត្តខុសរបស់ខ្លួន ដោយកត់សម្គាល់ថា ប្រទេសចិននឹងតាមដានយ៉ាងដិតដល់នូវសកម្មភាពរបស់សហរដ្ឋអាមេរិក និងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ខ្លួន៕
ប្រែសម្រួល ឈូក បូរ៉ា

To Top