ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ ឆ្លើយតបទៅកាន់ក្រុមប្រឆាំង និងអ្នកវិភាគ ដែលតាំងខ្លួនឯង ចេះដឹងគ្រប់រឿងថា ដំណើរទស្សនកិច្ចរបស់លោក ស៊ី ជីនពីងប្រធានាធិបតីចិន បានសបញ្ជាក់ថា រដ្ឋាភិបាលចិន មិនបោះបង់ចោលកម្ពុជានោះទេ ។
ការលើកឡើង របស់សម្តេចធិបតីនេះ ក្រោយពីក្រុមប្រឆាំង និងអ្នកវិភាគបានចោទថា កម្ពុជានឹងឯកោ ដោយសារថ្នាក់ដឹកនាំចិន លែងខ្វល់ខ្វាយ ចំពោះកម្ពុជាទៀត ហើយ ជាពិសេសលែងគាំទ្រ ព្រែកជីកហ្វូណន ។
ចំពោះការចោទប្រកាន់ដោយគ្មានហេតុផលបែបនេះ ក្នុងឱកាសចូលរួមសម្ពោធកំពង់ផែនាខេត្តកំពតទេសចរណ៍អន្តរជាតិកំពត នាព្រឹកថ្ងៃ២១ មេសានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបានមានប្រសាសន៍ឆ្លើយតបទៅអ្នកដែលលើកឡើងដោយគ្មានមូលដ្ឋានច្បាស់លាស់ដែលចោទប្រកាន់កម្ពុជាអំពីទំនាក់ទំនងដ៏ល្អជាមួយចិន និងគម្រោងព្រែកជីកហ្វូណននោះ គឺអ្នកទាំងអស់នោះបានដឹងស្រាប់ហើយ ចំពោះការពន្យល់របស់សម្តេចក៏ដូចជាមន្រ្តីពាក់ព័ន្ធទៅនឹងគម្រោងព្រែកជីហ្វូណន ប៉ុន្តែពួកគេនៅបំផ្លើសដោយគ្មានការពិតដដែល ។
ដូច្នេះសម្តេចនាយករដ្ឋមន្រ្តីបានគូសបញ្ជាក់ទៅកាន់ពូកគេយ៉ាងច្បាស់អំពីដំណើរទស្សកិច្ចរបស់លោក ស៊ី ជីនពីងថា “ទស្សនកិច្ចរបស់ប្រធានាធិបតីនេះ ខ្ញុំគិតថា កន្លងទៅមានការលើកឡើងមួយចំនួន ហើយខ្ញុំសង្ឃឹមថា ទស្សនកិច្ចមួយនេះបញ្ចប់នូវការលើកឡើងទាំងអស់នោះ ។ ទី១-គេថារដ្ឋាភិបាលចិនមិនឲ្យតម្លៃរដ្ឋាភិបាលកម្ពុជា អាណត្តិថ្មីនេះទេ ។ ឃើញកាសែតបរទេសជាច្រើនណាស់នៅក្នុងឆ្នាំទៅនិយាយថា កម្ពុជាស្ពៃហើយ សូម្បីតែចិនក៏លែងជួយដែរ ស្ពៃហើយ ទំនាក់ទំនងកម្ពុជាឯកោហើយ តិចទៀតដួលហើយ ។ ទី២-គេថា ព្រែកជីកហ្វូណន ចិនឈប់ជួយហើយ រលំហើយ”។
សម្រាប់ដំណើរទស្សនកិច្ចរបស់មេដឹកនាំមហាអំណាចចិននៅលើទឹកដីកម្ពុជា ក្រោយចូលឆ្នាំខ្មែរដោយមានការចុះហត្ថលេខានិងកិច្ចព្រមព្រៀងជាមួយគ្នារវាងកម្ពុជា-ចិន និងមានការគាំទ្រគ្នាទៅវិញទៅមកនោះ សម្តេចធិបតីបានបង្ហាញក្តីសង្ឃឹមថា ពិតជាធ្វើឲ្យអ្នកមិនពេញចិត្តនិងបំភ្លៃបំផ្លើសបានស្ងប់ចិត្តហើយ ព្រោះរូបភាពនានាបានសបញ្ជាក់យ៉ាងពេញលេញ។
សម្តេចធិបតីបន្ថែមទៀតថា ចំពោះដំណើរទស្សនកិច្ចជាផ្លូវរដ្ឋរបស់លោក ស៊ី ជីនពីងបានបញ្ជាក់យ៉ាងច្បាស់អំពីការលើកកម្រិតនៃទំនាក់ទំនងរវាងកម្ពុជា-ចិន ជាពិសេសលើគោលនយោបាយសហគមន៍ជោគវាសនារួមគ្រប់រដូវកាលរវាងប្រទេសទាំង២ ដោយបន្តសហការគ្នាទាំងវេលាលំបាកលំបិន និងសុខស្រួលជាមួយគ្នា តាមគោលការណ៍គោរពអធិបតេយ្យភាព និងឯករាជ្យភាព ដោយមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសណាមួយនោះទេ ហើយកម្ពុជាក៏មិនមែនជាកូនជឹងរបស់ចិននោះទេ ៕


