ព័ត៌មានជាតិ

សម្ដេចធិបតី៖ ក្នុងឱកាសចូលឆ្នាំថ្មី ពលរដ្ឋជិះរថយន្ដក្រុងរៀបចំដោយ រដ្ឋបាលរាជធានីភ្នំពេញជាង ៨ម៉ឺននាក់ ដោយសន្សំថវិកាជាង ១លានដុល្លារ

កំពត ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងឱ្យដឹងថា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី មានប្រជាពលរដ្ឋជិះរថយន្ដក្រុងដោយឥតគិតថ្លៃ រៀបចំដោយរដ្ឋបាលរាជធានីភ្នំពេញចំនួន ៨៥៨៤៩នាក់ ដោយសន្សំថវិកាជូនពលរដ្ឋជាង ១លាន ៧សែនដុល្លារ។

ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់អាជ្ញាធររាជធានី ខេត្ត និងកងកម្លាំងគ្រប់លំដាប់ថ្នាក់ បានចូលរួមរៀបចំតុបតែង ថែរក្សាសុខសុវត្ថិភាព ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឱ្យដំណើរការទៅដោយសប្បាយរីករាយ និងមានសន្ដិសុខ សុវត្ថិភាព និងស្ថិរភាពជូនដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ អន្តរជាតិបានដើរលេងកម្សាន្តយ៉ាងសប្បាយរីករាយ។

សម្ដេចធិបតី មានប្រសាសន៍ថា «ខ្ញុំ អរគុណច្រើនណាស់ និងកោតសរសើររដ្ឋបាលរាជធានី-ខេត្ត ទាំងអស់ ស្រុក ឃុំ ភូមិ ដឹកនាំរៀបចំ ធ្វើឱ្យបុណ្យពិធីឆ្នាំនេះ កាន់តែមានភាព អធិអធ័ម សប្បាយរីករាយ។ ខ្ញុំ ក៏សូមអរគុណផងដែរ កងកម្លាំងប្រដាប់អាវុធ ទាំងនគរបាល ទាំងកងរាជអាវុធហត្ថ កងទ័ព ទាំងប្រជាការពារ បូកជាមួយយុវជនស្មគ្រចិត្ត ទាំងអស់ ដែលបានខិតខំរៀបចំ ថែរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់បានល្អ» ឆ្នាំនេះ សម្បីគ្រោះថ្នាក់ចរាចរណ៍ យើងថយជាងទៅជិត ៤០%»។

សម្ដេចធិបតី បន្ដថា ទោះបីមានករណីវ៉ៃគ្នា ២ឬ ៣ករណី ប៉ុន្ដែជាទូទៅ គឺស្ថិរភាព សន្ដិសុខ បានល្អណាស់។ ទាំងនេះ គឺជាជោគជ័យ នូវភាពសាមគ្គីគ្នា ស្រឡញ់គ្នា គោរពគ្នា ដើម្បីអបអរសាទរឆ្នាំថ្មីទាំងអស់គ្នា។ សម្ដេច ថា កម្ពុជា គ្មានករណីពលរដ្ឋខ្មែរវាយដំភ្ញៀវទេសរណ៍អន្តរជាតិដែលមកកម្សាន្តដូចប្រទេសដទៃឡើយ។

ជាមួយគ្នានេះ សម្ដេច នាយករដ្ឋមន្ដ្រី បានឱ្យដឹងថា រាជរដ្ឋាភិបាល បានជួយសន្សំសំចែការចំណាយថវិការបស់ពលរដ្ឋចំនួន១លាន៧សែនដុល្លារ តាមរយៈការបញ្ចេញរថយន្តក្រុងដឹកពលរដ្ឋទៅមកជាង ២ពាន់ជើង ក្នុងពិធីបុណ្យចូលឆ្នាំថ្មី។

សម្ដេច នាយករដ្ឋមន្ដ្រី មានប្រសាសន៍ថា «សាលារាជធានីភ្នំពេញ បានរៀបចំឡានជិត ៦០០គ្រឿង ហើយក្នុងរយៈពេលពីថ្ងៃទី១១ ដល់ ១៧ បើគិតជាជើង ទាំងទៅ ទាំងមក សរុបជាង ២២៥១ជើង ដឹកជញ្ជូនប្រជាជន ៨៥៨៤៩នាក់ ហើយគិតជាថវិកាដែលសន្សំ ម្នាក់ ៨ម៉ឺនរៀលមួយជើង គឺសន្សំ ជាង ១លាន ៧សែនដុល្លារ ចូលហៅប៉ាវប្រជាពលរដ្ឋយកទៅផ្ទះ ដើរលេង សប្បាយ ខ្ញុំ សូមអរគុណណាស់»៕

To Top