ភ្នំពេញ៖ ឆ្លើយតបទៅនឹងការពេបជ្រាយ របស់ក្រុមប្រឆាំងមកលើរដ្ឋាភិបាល ជុំវិញដំណើរការសាងសង់ ព្រែក ជីកហ្វូណនតេជោ ដែលសួរថា ដើរដល់ណាហើយ និងចិនឈប់ជួយហើយនោះ ត្រូវបានសម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា មិនបាច់ពន្យល់ ប្រភេទមនុស្សដែល ស្តាប់លឺ តែធ្វើមិនលឺ ហើយនិយាយស្តី គ្មានការទទួលសុខត្រូវនោះទេ ។
ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធ បើកឱ្យប្រើប្រាស់ជាផ្លូវការកំពង់ផែ ទេសចរណ៍អន្តរជាតិកំពត ស្ថិតក្នុងភូមិជុំគ្រៀល ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត នាថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥នេះ សម្តេចធិបតី បានថ្លែងថា មានអ្នកសួរសម្តេច ថាហេតុអ្វីសម្តេច មិនបកស្រាយ និងឆ្លើយតប ទៅនឹងការលើកឡើងរបស់ក្រុមប្រឆាំង ជាពិសេសក្រុមមនុស្ស ដែលចាំតែពេបជ្រាយ រាល់សមទ្ធិផល នានារបស់រាជរដ្ឋាភិបាល ជុំវិញដំណើរការព្រែក ជីកហ្វូណនតេជោ ដោយសម្តេចតបថា មិនបាច់ពន្យល់ទេ ប៉ុន្តែអ្វីដែលសំខាន់ ចាំមើលជាក់ស្តែង។
ក្នុងនោះតាមរយៈទស្សនកិច្ចផ្លូវរដ្ឋ របស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង មកកាន់កម្ពុជា សម្តេចធិបតី ឱ្យអ្នកដែលនិយាយថា ចិន លែងមានទំនាក់ទំនង ជាមួយរដ្ឋាភិបាលថ្មីនោះ អាចមើលឃើញបាន នឹងបានស្កប់ចិត្ត ហើយស្ងប់អារម្មណ៍ ថែមទាំងឱ្យឈប់និយាយទៅ ព្រោះនិយាយទៀតនាំខ្មាស់គេ ព្រោះរូបភាពច្បាស់ហើយ ។
សម្តេចធិបតី មានប្រសាសន៍ថា “ប្រធានាធិបតី ប្រមុខរដ្ឋរបស់ចិន បានមកទស្សនកិច្ចផ្លូវរដ្ឋ នៅកម្ពុជា សារនយាបាយ បញ្ជាក់ហើយមិនត្រឹមតែប៉ុណ្ណោះ បានលើកកម្រិតនៃទំនាក់ទំនងរវាងកម្ពុជា សហគមន៍ជោគវាសនារួម គ្រប់រដូវកាល បានន័យថា ទាំងលំបាក ទាំងស្រួល គឺយើងបន្តរួមគ្នា សហការគ្នា ដើម្បីអភិវឌ្ឍរួមគ្នា តាមគោលការណ៍ គោរពអធិបតេយ្យភាព គោរពគ្នាទៅវិញទៅមក ឯករាជ្យភាព និងមិនលុកដៃនៅក្នុងកិច្ចការផ្ទៃក្នុងរបស់គ្នាទៅវិញទៅមក”។
គួរឱ្យដឹងថា ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋ របស់លោក ស៊ី ជីនពីង នៅកម្ពុជា រយៈពេល២ថ្ងៃ កម្ពុជា-ចិន មានការចុះហត្ថលេខាលើឯកសារ កិច្ចសហប្រតិបត្តិការ ចំនួន៣៧ ដោយគ្របដណ្តប់លើវិស័យជាច្រើន ក្នុងនោះនៅមានការចុះហត្ថលេខារវាងរដ្ឋ និងឯកជន ព្រមទាំងរវាងធុរកិច្ច និងធុរកិច្ច លើគម្រោងគ្រប់គ្រង ធនធានទឹកចម្រុះ ហ្វូណនតេជោ ផងដែរ។
សម្តេចធិបតី មានប្រសាសន៍បញ្ជាក់ថា “ព្រែកជីកនេះ យើងបើកនៅថ្ងៃទី៥ ខែ៨ ឆ្នាំ២០២៤ យើងបន្តធ្វើការងារជីក ធ្វើការងារបោះនិយាមការ ចាប់ផ្តើមចរចា ដោះស្រាយផលប៉ពាល់ យើងមិនបានឈប់នោះទេ រៀបរបគេធ្វើចឹង”។
បន្ថែមលើនេះ បន្ទាប់ពីមានការចុះហត្ថលេខាហើយនេះ លោក វ៉ាង តុងចូវ (Wang Tongzhou) ប្រធានក្រុមហ៊ុន China Communications Construction Company (CCCC) បានប្ដេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការសាងសង់ព្រែក ជីកហ្វូណនតេជោ ឱ្យសម្រេចបានជោគជ័យ តាមផែនការកំណត់ ប្រកបដោយគុណភាពខ្ពស់ ក្នុងជំនួបពិភាក្សា ការងារជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ នៅវិមានសន្តិភាព។
ប្រតិបត្តិការអាជីកម្មរបស់ក្រុមហ៊ុន CCCC ដែលជាក្រុមហ៊ុនវិស្វកម្មចិនឈានមុខគេ លើវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ការជីកស្តារព្រែកជីក ក៏ដូចជាប្រព័ន្ធស្រោចស្រពធំៗ ជាដើម។ ខណៈដែលក្រុមហ៊ុនបុត្រសម្ព័ន្ធ China Road and Bridge Corporation (CRBC) ដែលជាអ្នកទទួលបន្ទុកសាងសង់ព្រែកជីកហ្វូណនតេជោ ។
សូមបញ្ជាក់ថា ព្រែកជីកហ្វូណនតេជោ ត្រូវបានសម្ពោធបើកដំណើរការសាងសង់ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ គឺជាគំនិតផ្តួចផ្តើមប្រកប ដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្ន ជាប្រធានព្រឹទ្ធសភា ហើយបាននិងកំពុងអនុវត្ត ដោយរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដើម្បីបន្សល់ទុកជាកេរមរតកប្រវត្តិសាស្ត្រ សម្រាប់កូនចៅជំនាន់ក្រោយរាប់ពាន់ឆ្នាំតទៅមុខ៕
