ភ្នំពេញ ៖ កីឡាករ ទេស សម្បត្តិ សមាជិកក្លិបកីឡាបាល់ទាត់ វិសាខា និងជាកីឡាករជម្រើសជាតិកម្ពុជា បានទទួលមរណភាពក្នុងវ័យ ២៥ឆ្នាំ កាលពីវេលាម៉ោង ១០ និង៣០នាទី នាយប់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៥ ដោយសារគ្រោះថ្នាក់ចរាចរណ៍ ចំពោះមរណភាពរបស់កីឡាករ សម្បត្ដិ គឺជាការបាត់បង់ នូវធនធានកីឡាករដ៏ឆ្នើមមួយរូបរបស់កម្ពុជា និងជាការបាត់បង់នូវស្វាមី ឪពុក និងជាសមាជិកគ្រួសារ ប្រកបដោយព្រហ្មវិហារធម៌ ។

យោងតាមផេកផ្លូវការ របស់ក្លិបកីឡាបាល់ទាត់ វិសាខាបានឲ្យដឹងថា តាងនាមថ្នាក់ដឹកនាំ ក្រុមការងារ និងកីឡាករ-កីឡាការិនីទាំងអស់ នៃក្លិបកីឡាបាល់ទាត់ វិសាខា ពិតជាមានសេចក្ដីក្ដុកក្ដួលរន្ធត់តក់ស្លុតជាខ្លាំង ក្រោយទទួលបានដំណឹងមរណភាពរបស់កីឡាករ ទេស សម្បត្តិ។ ពួកយើងទាំងអស់គ្នា ពិតជាមានការសោកស្ដាយជាអនេក ចំពោះការបាត់បង់នូវធនធានកីឡាករដ៏សំខាន់របស់កម្ពុជា នាពេលនេះ ។

កីឡាករបាល់ទាត់ ទេស សម្បត្តិ ដែលកីឡាករឆ្នើមមួយរូបរបស់ក្លិបបាល់ទាត់កំពូល វិសាខា ទទួលមរណ:ភាព ដោយគ្រោះថ្នាក់នាថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៥ ហេតុការណ៍នេះកើតឡើងនៅសង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ កីឡាករខ្សែការពារ ទេស សម្បត្តិ បានជិះម៉ូតូមួយគ្រឿងម៉ាក Honda ADV ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1KY-4937 ធ្លាក់ចូលទឹកស្ទឹង សាក់សំពៅ ដែលមានទីតាំងស្ថិតនៅភូមិកំរៃ សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ៕



