ព័ត៌មានជាតិ

រដ្ឋមន្រ្តីអភិវឌ្ឍន៍ជនបទ ណែនាំឱ្យសិក្សារចនាប្លង់លម្អិត ដើម្បីសាងសង់ស្ពានថ្មីមួយ ជូនប្រជាពលរដ្ឋ នៅស្រុកទឺកឈូ

ខេត្តកំពត៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានណែនាំដល់មន្ដ្រីបច្ចេកទេសក្រសួង និងមន្ទីរសហការជាមួយអាជ្ញាធរមូលដ្ឋាន ធ្វើការសិក្សារចនាប្លង់លម្អិត ដើម្បីសាងសង់ជាស្ពានថ្មី ជូនប្រជាពលរដ្ឋ នៅចុងឆ្នាំ២០២៥នេះ ឬនៅឆ្នាំ២០២៦ខាងមុខ។

ការណែនាំ ធ្វើឡើងក្នុងឱកាស លោករដ្ឋមន្រ្តី អញ្ជើញទៅពិនិត្យស្ថានភាពស្ពានឈើមួយកន្លែង ឆ្លងកាត់ទំនប់ស្ទឹងកែវ មានប្រវែង ៥០ម៉ែត្រ ទទឹង៥ម៉ែត្រ ស្ថិតនៅក្នុងភូមិកំពង់ចិន ឃុំស្ទឹងកែវ ស្រុកទឹឈូ ខេត្តកំពត នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ ។ ស្ពានឈើនេះ មានអាយុកាលច្រើនឆ្នាំមកហើយ និងត្រូវបានជួសជុលប្រើប្រាស់ឡើងវិញ ក្នុងអំឡុងឆ្នាំ២០២២ បច្ចុប្បន្នស្ពានមានសភាពចាស់ទ្រុឌទ្រោមខ្លាំង ដែលធ្វើឱ្យប្រជាជនក្នុងឃុំចំនួន៣ គឺឃុំស្ទឹងកែវ ឃុំព្រៃថ្នង និងឃុំថ្មី នៃស្រុកទឺកឈូ សរុបប្រមាណ ៥ ៧៤៦ គ្រួសារ ស្មើនឹង ២៤ ៨៤២ នាក់ ពិបាកក្នុងការធ្វើដំណើរឆ្លងកាត់ ជាពិសេសពិបាកក្នុងការដឹកជញ្ជូនកសិផលរបស់ប្រជាកសិករ ក្នុងតំបន់កសិឧស្សាហកម្ម នៅប៉ែកខាងជើងឆៀងខាងលិច នៃស្រុកទឹកឈូ មកកាន់ទីរួមខេត្តកំពត។

ក្នុងឱកាសនោះផងដែរ លោករដ្ឋមន្ត្រី បានអញ្ជើជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដោយបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹកដ៏ជ្រាលជ្រៅ ព្រមទាំងពរជ័យសព្ទសាធុការពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និង សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ជូនចំពោះប្រជាពលរដ្ឋនៅទីនោះ និងបានជម្រាបជូនអំពីការខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ ជាពិសេស បណ្ដាញគមនាគមន៍ជនបទ រួមមានផ្លូវ ស្ពាន ដែលជាសរសៃឈាមនៃសេដ្ឋកិច្ចដ៏សំខាន់របស់ប្រជាពលរដ្ឋ ក្នុងការដឹកជញ្ជូនកសិផល និងក្នុងការធ្វើដំណើរទៅទទួលយកសេវាសាធារណៈ រួមមានមន្ទីរពេទ្យ វត្តអារាម សាលារៀន និងសេវាផ្សេងៗទៀត បានឆាប់រហ័ស ចំណេញទាំងពេលវេលា និងថវិកា។

ជាមួយគ្នានោះដែរ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋបានថ្លែងអំណរគុណ ចំពោះការយកចិត្តទុកដាក់សុខទុក្ខ ប្រជាពលរដ្ឋពីសំណាក់រាជរដ្ឋាភិបាលក្រោមការដឹកនាំ ដ៏ឈ្លាសវៃប្រកបដោយបញ្ញាញាណរបស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត ដែលបានចាត់ឱ្យក្រសួងអភិវឌ្ឍន៍ជនបទ ជាសេនាធិការចុះមកដោះស្រាយ ការលំបាកតាមសំណូមពរប្រជាពលរដ្ឋ ហើយពួកគាត់សង្ឃឹមថា ជីវភាពរស់នៅរបស់ពួកគាត់នឹងប្រសើរឡើង ជាពិសេសពួកគាត់លែងភ័យខ្លាចពេលធ្វើដំណើរ និងដឹកជញ្ជូនកសិផល ឆ្លងកាត់ស្ពាននេះទៀតហើយ៕

To Top